ក្រសួងការបរទេស៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣


ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងថា ក្នុងឱកាសព្រះរាជាណាចក្រកម្ពុជា​ ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងអាទិភាពរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនី។

ឯកសារលទ្ធផលសំខាន់ៗចំនួន៣ទាំងនេះរួមមាន៖

ទី១៖ សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលលើកពីការប្ដេជ្ញាចិត្តផ្នែកនយោបាយ ក្នុងការលើកកម្ពស់គោលការណ៍របស់ហ្វ្រង់កូហ្វូនី ស្ដីពីសន្តិសហវិជ្ជមាន កិច្ចសហប្រតិបត្តិការផ្នែកសង្គមវប្បធម៌ និងសេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍសហគមន៍ហ្វ្រង់កូហ្វូនី

ទី២៖ សេចក្តីសម្រេចស្តីពីស្ថានភាព វិបត្តិ​ ការស្តារឡើងវិញក្រោយវិបត្តិ និងការកសាងសន្តិភាព នៅក្នុងតំបន់ហ្វ្រង់កូហ្វូនី

និងទី៣៖ សេចក្តីអំពាវនាវទីក្រុងភ្នំពេញ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌។

គួរឱ្យដឹងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាពដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា ដោយនេះជាលើកដំបូងដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ត្រូវបានរៀបចំឡើងនៅកម្ពុជា និងជាលើកទីពីរនៅក្នុងទ្វីបអាស៊ី។

កិច្ចប្រជុំកំពូលនេះគឺជាការជួបជុំប្រមុខរដ្ឋ និងប្រមុខរដ្ឋភិបាលព្រមទាំងគណៈប្រតិភូជាន់ខ្ពស់មកពីរដ្ឋ និងរដ្ឋាភិបាលសមាជិកទាំង៩០ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) រួមទាំងស្ថាប័នដៃគូជាច្រើន ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពហុភាគីនិយមការអភិវឌ្ឍប្រកបដោយចីរភាព និងបញ្ហាផ្សេងៗទៀត ដែលជាផលប្រយោជន៍រួមកិច្ចប្រជុំនេះ ក៏នឹងផ្ដល់ឱកាសដ៏សំខាន់ក្នុងការពង្រឹងចំណងទាក់ទងរវាងសមាជិកនៃអង្គការ OIF បញ្ជាក់ជាថ្មីនូវគុណតម្លៃរួមនៃសាមគ្គីភាព ភាពបើកចំហការសន្ទនាភាពចម្រុះនៃវប្បធម៌ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្ហាញពីតួនាទីកាន់តែសកម្មរបស់កម្ពុជា នៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។

ព្រឹត្តិការណ៍អមសំខាន់ៗចំនួនបួនត្រូវបានរៀបចំឡើងក្នុងអំឡុងពេលពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ រួមមាន៖ ភូមិហ្វ្រង់កូហ្វូនី (Francophonie Village) ហ្វ្រង់កូតិច (Franco Tech) ជំនួបសហគ្រិនហ្វ្រង់កូហ្វូន លើកទី៦ និងវដ្តវិទ្យាសាស្ត្រហ្វ្រង់កូហ្វូន អាស៊ី-ប៉ាស៊ីហ្វិក (CSFAP)។ ព្រឹត្តិការណ៍អមទាំងនេះនឹងផ្តល់ឱកាសយ៉ាងទូលំទូលាយសម្រាប់ការផ្លាស់ប្តូរវប្បធម៌អប់រំ នវានុវត្តន៍ បណ្ដាញទំនាក់ទំនងធុរកិច្ច និងការកសាងភាពជាដៃគូ នៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។

ជាមួយគ្នានេះក៏នឹងមានជំនួបទ្វេភាគីជាច្រើន និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួនផងដែរ៕