នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យ លោក សេណេន ទៀមស៊ីន ម៉ង់ហ្គាលីលេ (SENEN TIEMSIN MANGALILE) ឯកអគ្គរដ្ឋទូតថ្មីរបស់ហ្វីលីពីនប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍ ក៏ដូចជាអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូតដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជានាពេលនេះ។
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា តាមរយៈតួនាទីរបស់លោកនាពេលនេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីនកាន់តែរីកចម្រើន ជាពិសេសលើទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ទន្ទឹមនឹងទំនាក់ទំនងនយោបាយ រវាងប្រទេសទាំងពីរ។
លោកឯកអគ្គរដ្ឋទូតហ្វីលីពីន បានអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យលោក និងសហការី បានចូលជួបសម្ដែងការគួរសមនៅពេលនេះ។ លោកបានមើលឃើញពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសកម្ពុជា និងហ្វីលីពីននៅពេលកន្លងមក។
លោកឯកអគ្គរដ្ឋទូតបន្តថា ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតទៅលើវិស័យ អប់រំ កសិកម្ម អាកាសចរណ៍ជាដើម ដែលតម្រូវឱ្យភាគីទាំងពីរត្រូវបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៀត។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញពីការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ ក៏ផ្ដល់យោបល់បន្ថែមទៅកាន់លោកឯកអគ្គរដ្ឋទូតហ្វីលីពីន ដោយផ្ដោតសំខាន់ទៅលើការធ្វើយ៉ាងណាពង្រឹងនូវការផ្លាស់ប្ដូរនូវការវិនិយោគជាពិសេស គឺទាក់ទងទៅនឹងសន្តិសុខស្បៀង និងអាចជាការផ្ដោតសំខាន់ទៅលើវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោ បានលើកឡើងអំពីសក្តានុពលរបស់កម្ពុជាលើវិស័យស្រូវអង្ករ និងស្វាយចន្ទី ដែលកំពុងមានភាពរីកចម្រើននៅពេលបច្ចុប្បន្ន ដូច្នេះអ្នកវិនិយោគរបស់ហ្វីលីពីន អាចសម្លឹងមើលឱកាសនេះធ្វើការកែច្នៃស្វាយចន្ទី ដើម្បីនាំចេញទៅហ្វីលីពីន ក៏ដូចជានាំចេញទៅក្រៅប្រទេសបន្ថែមទៀត៕













