សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកមរណទុក្ខជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងលោកជំទាវ ចំពោះមរណភាពរបស់ឧបាសិកា គង់ ណម


សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ បន្ទាប់ពីទទួលដំណឹងថា ឧបាសិកា គង់ ណម ដែលត្រូវជាម្តាយក្មេករបស់ឯកឧត្តម បានទទួលមរណភាពក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។

យោងតាមសារលិខិតរំលែកមរណទុក្ខ ឧបាសិកា គង់ ណម បានទទួលមរណភាពនៅថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៤:២០នាទីព្រឹក។

ក្នុងនាមព្រឹទ្ធសភា ព្រមទាំងភរិយា ក្រុមគ្រួសារ និងក្នុងនាមសម្តេចផ្ទាល់ សម្តេចតេជោ បានសម្តែងនូវសេចក្តីរន្ធត់តក់ស្លុត និងសោកស្តាយស្រណោះអាឡោះអាល័យឥតឧបមាចំពោះការបាត់បង់ដ៏ធំធេងនេះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅក្នុងសារលិខិតថា៖ «មរណភាពរបស់ឧបាសិកា គង់ ណម គឺជាការបាត់បង់ដ៏ធំធេងនូវម្តាយ ម្តាយក្មេក ជីដូន និងសាច់ញាតិប្រកបដោយព្រហ្មវិហារធម៌ដ៏ប្រពៃ»។ សម្តេចបានបន្ថែមទៀតថា ការចាកចេញរបស់ឧបាសិកា គឺជាការបាត់បង់នូវមាតាដ៏ល្អ និងជាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់កូន ចៅ ក្រុមគ្រួសារ និងញាតិទាំងអស់ ដែលស្ទើរពេញមួយជីវិតរបស់ឧបាសិកា បានបីបាច់មើលថែរក្សាអប់រំកុលបុត្រកុលធីតាកន្លងមក។

សម្តេចតេជោ ហ៊ុន សែន រួមទាំងក្រុមគ្រួសារ បានឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ឧបាសិកា គង់ ណម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕