សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនអ្នកឧកញ៉ា សៀ ឫទ្ធី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់បាសិកា ញឹក សុផល


សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជូន អ្នកឧកញ៉ា សៀ ឫទ្ធី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការទទួលមរណភាពរបស់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថមក៍ ញឹក សុផល ដែលត្រូវជាម្ដាយក្មេក និងម្តាយបង្កើតជាទីស្រឡាញ់ ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារថា៖ «ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំរកទីបំផុតគ្មាននេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខប្រកបដោយក្តីស្តាយស្រណោះ អាឡោះអាល័យជាមួយអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់នូវម្តាយក្មេក ម្តាយបង្កើត ជីដូន ជីទួត និងសាច់ញាតិជាទី គោរពស្រលាញ់បំផុតដែលមិនអាចកាត់ថ្លៃបានប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌គំរូមួយរូប។ ជាងនេះទៅទៀត មរណភាពរបស់ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ញឹក សុផល គឺជាការ បាត់បង់នូវពុទ្ធសាសនិកមួយរូប ដែលមានសទ្ធាជ្រះថ្លាក្រៃលែង ដែលបានបូជាអស់កម្លាំងកាយចិត្ត ពេលវេលា និងធនធាន ចូលរួមចំណែកក្នុងការងារមនុស្សធម៌ និងទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធ សាសនានៅប្រទេសកម្ពុជា។

យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ របស់ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ញឹក សុផល សូមបានទៅចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕