កិច្ចប្រជុំកំពូលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) លើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៅរាជធានីភ្នំពេញ បានបើកដំណើរការជាផ្លូវការក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានការចូលរួមយ៉ាងច្រើនកុះករពីគណៈប្រតិភូចំនួន ៨១ ក្នុងចំណោមរដ្ឋ និងរដ្ឋាភិបាលជាសមាជិកទាំង ៩០ (ស្មើនឹង ៩០%) រួមជាមួយវត្តមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិសរុបចំនួន ១,៣៨២ នាក់ មកពី ៣០៨ ស្ថាប័ន នៃ ៤២ ប្រទេសជុំវិញពិភពលោក។
នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នាថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា តួលេខនៃការចូលរួមរបស់គណៈប្រតិភូទាំង ៨១ ក្នុងចំណោមសមាជិកទាំង ៩០ ដែលតំណាងឱ្យអ្នកនិយាយភាសាបារាំងចំនួន ៣៩៦ លាននាក់នៅទូទាំងពិភពលោក (ក្នុងនោះកម្ពុជាមានជាង ៤៦០,០០០ នាក់) គឺមិនមែនគ្រាន់តែជាចំនួននៃការចូលរួមប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញពីវិសាលភាពនៃការជួបជុំអន្តរជាតិដ៏ធំមួយ និងសារៈសំខាន់ដែលបណ្តាប្រទេស និងរដ្ឋាភិបាលសមាជិកផ្តល់ចំពោះការសន្ទនា និងកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងជម្លោះ និងភាពមិនប្រាកដប្រជា។ លោកបានបន្ថែមថា ថ្ងៃនេះ រាជធានីភ្នំពេញបានក្លាយជាចំណុចជួបគ្នានៃសំឡេងចម្រុះមកពីទ្វីបទាំង ៥។
ពាក់ព័ន្ធនឹងទិន្នន័យនៃការចុះឈ្មោះចូលរួមយកព័ត៌មានពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គិតត្រឹមល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិសរុបចំនួន ១,៣៨២ នាក់ មកពី ៣០៨ ស្ថាប័ន/អង្គភាព នៃ ៤២ ប្រទេសផ្សេងៗគ្នា ក្នុងនោះរួមមាន៖
• អ្នកសារព័ត៌មានជាតិ៖ មានចំនួនសរុប ៦៨៥ នាក់ មកពី ១១៧ ស្ថាប័ន/អង្គភាព។
• អ្នកសារព័ត៌មានអន្តរជាតិ៖ មានចំនួនសរុប ៤២៧ នាក់ មកពី ១៩១ ស្ថាប័ន/អង្គភាព។
ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅរាជធានីភ្នំពេញ គឺជាកិច្ចប្រជុំកំពូលលើកទី២ នៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលជិត ៣០ឆ្នាំ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ កាលពីឆ្នាំ១៩៩៧។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការអបអរសាទរភាសា និងវប្បធម៌បារាំងប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាអន្តរជាតិដ៏មានសារៈសំខាន់ ដែលកម្ពុជាបានប្រែក្លាយមរតកប្រវត្តិសាស្ត្រទៅជាកម្លាំងការទូត បទពិសោធន៍សង្គ្រាមទៅជាសារសន្តិភាព និងភាពជាម្ចាស់ផ្ទះទៅជាឱកាសបង្ហាញភាពជាអ្នកដឹកនាំ និងចក្ខុវិស័យសម្រាប់អនាគត ក្រោមមូលបទ៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»៕




