ពីលើទឹកដីប្រទេសហ្វីលីពីន ដែលជាប្រធានប្តូរវេនរបស់អាស៊ាននោះ កិច្ចប្រជុំកំពូលពាក់ព័ន្ធរបស់អាស៊ានជាច្រើនកំពុងតែប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
នៅរសៀលថ្ងៃអង្គារនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្តអញ្ជើញចូលរួមចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២៣។ កិច្ចប្រជុំនេះ ដឹកនាំរួមគ្នាដោយលោក ហ្វឺឌីណាន់ ម៉ាកូស ប្រធានាធិបតីហ្វីលីពីន និងជាប្រធានអាស៊ានប្តូរវេន និងលោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា។
អាស៊ាន និងឥណ្ឌា បានចាប់ផ្តើមទំនាក់ទំនងជាដៃគូសន្ទនាតាមវិស័យ (Sectoral Dialogue Partner) នៅឆ្នាំ១៩៩២ និងត្រូវបានដំឡើងទៅជាដៃគូសន្ទនាពេញលេញ (Full Dialogue Partner) នៅខែធ្នូ ឆ្នាំ១៩៩៥។ ការវិវត្តនៃទំនាក់ទំនងនេះ ត្រូវបានជំរុញដោយគោលនយោបាយ «ឆ្ពោះទៅទិសខាងកើត (Look East Policy)» របស់ឥណ្ឌា។
ដៃគូសន្ទនារវាងអាស៊ាន និងឥណ្ឌា បានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅក្នុងឱកាសប្រារព្ធខួបលើកទី៣០ នៃទំនាក់ទំនងអាស៊ាន-ឥណ្ឌា នៅឆ្នាំ២០២២ ក្នុងរាជធានីភ្នំពេញ ពេលកម្ពុជា ធ្វើជាប្រធានអាស៊ាន។
ភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ភាគីទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស។ ទំនាក់ទំនងនេះ ក៏បានជួយពង្រឹងស្ថិរភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងជំរុញកំណើនរួមគ្នា។
ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងឥណ្ឌា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ ១២៨,៣៧ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំសារពើពន្ធ ២០២៥-២០២៦។ ទន្ទឹមនឹងកំណើននេះ ភាគីទាំងពីរក៏កំពុងដោះស្រាយបញ្ហាឱនភាពពាណិជ្ជកម្ម និងពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីឱ្យកាន់តែមានតុល្យភាព។
ពាក់ព័ន្ធការវិនិយោគវិញ របាយការណ៍បានបង្ហាញថា ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២៥ លំហូរទុនវិនិយោគសរុបពីបណ្តាប្រទេសអាស៊ានចូលទៅកាន់ប្រទេសឥណ្ឌា មានទំហំដល់ទៅ ១៩៦,៩៦ពាន់លានដុល្លារ។ សិង្ហបុរី គឺជាប្រភពវិនិយោគធំជាងគេបំផុតក្នុងតំបន់។
សម្រាប់ការវិនិយោគពីឥណ្ឌាមកអាស៊ានវិញ របាយការណ៍បង្ហាញថា ឥណ្ឌា គឺជាប្រភពវិនិយោគធំទី៨ ក្នុងចំណោមដៃគូសន្ទនារបស់អាស៊ាន ដែលផ្តោតសំខាន់លើវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យាព័ត៌មាន ឱសថ និងកម្មន្តសាល៕








