ឯកអគ្គរាជទូតអង់គ្លេស កោតសរសើរ និងអបអរសាទរចំពោះភាពជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងបរិយាកាសដ៏ល្អប្រសើរនៅរាជធានីភ្នំពេញ


លោក ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដោយសម្ដែងនូវការកោតសរសើរ និងអបអរសាទរចំពោះភាពជោគជ័យ និងបរិយាកាសដ៏ល្អប្រសើរនៅជុំវិញរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

តាមរយៈសំណេរអមជាមួយរូបភាពជាច្រើនសន្លឹកនៃទិដ្ឋភាពដ៏រស់រវើកនៅ «ភូមិហ្វ្រង់កូហ្វូនី» ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖ «មានបរិយាកាសដ៏ល្អប្រសើរមួយនៅជុំវិញរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie)។ ខ្ញុំពិតជារីករាយដែលបានចូលរួមក្នុងសកម្មភាពមួយចំនួន ហើយក៏រីករាយនឹងការដើរលេងកម្សាន្តជុំវិញទីក្រុងផងដែរ ដោយបានឃើញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នេះ បានជួបមនុស្សល្អៗ និងថែមទាំងបានឃើញឥន្ទធនូទៀតផង!សូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើឱ្យកិច្ចប្រជុំកំពូលនេះទទួលបានជោគជ័យ ជាពិសេសគឺក្រុមអ្នកស្ម័គ្រចិត្ត និងមន្ត្រីទទួលបន្ទុកពិធីការ ដែលបានបំពេញការងារយ៉ាងល្អប្រសើរ» ។

សូមជម្រាបជូនថា កិច្ចប្រជុំកំពូលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) លើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបិទបញ្ចប់ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល គណៈប្រតិភូជាន់ខ្ពស់ និងអង្គទូតមកពីបណ្ដាប្រទេសជាង៨០ ជុំវិញពិភពលោក៕