ចន្លោះនៃកិច្ចប្រជុំពាក់ព័ន្ធអាស៊ានជាច្រើនកិច្ចប្រជុំលើទឹកដីហ្វីលីពីន នៅរសៀលថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អង់តូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី បានជួបពិភាក្សាការងារទ្វេភាគី។
ជំនួបពិភាក្សានេះ ជាការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងកម្ពុជា និងអូស្ត្រាលី។ កម្ពុជា និងអូស្ត្រាលី បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅឆ្នាំ១៩៥២ ពោលគឺមួយឆ្នាំមុនពេលកម្ពុជាទទួលបានឯករាជ្យពីបារាំង។ គិតត្រឹមឆ្នាំ២០២៦ ទំនាក់ទំនងនេះមានអាយុកាល៧៤ ឆ្នាំហើយ និងត្រៀមអបអរខួបលើកទី៧៥ឆ្នាំ នៅឆ្នាំ២០២៧ខាងមុខ។
ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ជាពិសេសនៅក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។ អូស្ត្រាលី ជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀត បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងបេសកកម្មអ៊ុនតាក់ (UNTAC)។
លើសពីនេះ អូស្ត្រាលីបានផ្តល់ជំនួយអភិវឌ្ឍន៍សរុបប្រមាណ ១,៤ ពាន់លានដុល្លារអាមេរិក ឬជាង២ ពាន់លានដុល្លារអូស្ត្រាលី ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មក លើវិស័យសុខាភិបាល កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការបោសសម្អាតមីន។
អូស្ត្រាលី ក៏ជាប្រទេសដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងវិស័យអប់រំ។ តាមរយៈកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី (Australia Awards) និស្សិត និងមន្ត្រីរាជការកម្ពុជាជាង១ពាន់នាក់ បានទទួលឱកាសទៅសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសអូស្ត្រាលី។
នៅឆ្នាំ២០២៥ អូស្ត្រាលី បានបង្កើនចំនួនអាហារូបករណ៍សម្រាប់និស្សិតកម្ពុជាពី ៥០កន្លែង ដល់ ៦២ កន្លែង។
ពាណិជ្ជកម្ម និងការវិនិយោគវិញ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើងដល់ប្រមាណ ៦០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥។ កម្ពុជានាំចេញផលិតផលសំខាន់ៗដូចជា សម្លៀកបំពាក់ ស្បែកជើង និងអង្ករក្រអូបទៅកាន់អូស្ត្រាលី ខណៈក្រុមហ៊ុនអូស្ត្រាលីវិនិយោគលើវិស័យធនាគារ ហិរញ្ញវត្ថុ អប់រំ កសិ-ធុរកិច្ច និងរ៉ែ។
កម្ពុជា និងអូស្ត្រាលី ក៏បានយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខដែរ។ ប្រទេសទាំងពីរសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស គ្រឿងញៀន សន្តិសុខសាយប័រ និងការផ្លាស់ប្តូរទស្សនកិច្ចនាវាកងទ័ពជើងទឹក។
សូមបញ្ជាក់ដែរថា កាលពីឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី (ASEAN-Australia Special Summit) នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់លោក អង់តូនី អាល់បានីស៊ី ក្នុងឱកាសអបអរសាទរខួបលើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី។
ដំណើរទស្សនកិច្ចនោះ បានផ្តល់ផលប្រយោជន៍ទៅវិញទៅមកយ៉ាងច្រើនសម្រាប់ទាំងកម្ពុជា និងអូស្ត្រាលី។ ទស្សនកិច្ចនេះបានជួយបង្កើនទំនុកចិត្តផ្នែកនយោបាយ ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ៕







