អភិបាលក្រុង METZ របស់ប្រទេសបារាំង អញ្ជើញចុះពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅភូមិរង់ចាំ ក្នុងខេត្តបន្ទាយមានជ័យ


លោក ហ្វ្រង់ស្វ័រ ក្រូឌីឌីយេ (Francois Grosdidier) អភិបាលក្រុង METZ សាធារណៈរដ្ឋបារាំង រួមនឹងគណៈប្រតិភូ នៃស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំក្រុង METZ ប្រទេសបារាំង បានបំពេញទស្សនកិច្ច មកកាន់ខេត្តបន្ទាយមានជ័យ។

ជាពិសេសលោកអភិបាលក្រុង និងគណៈប្រតិភូ បានចុះទៅពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦។

ក្នុងដំណើរដើម្បីស្វែងយល់អំពីការរស់នៅរបស់បងប្អូនភៀសសឹកនៅក្នុងភូមិរង់ចាំ, លោក ហ្វ្រង់ស្វ័រ ក្រូឌីឌីយេ (Francois Grosdidier) បានបង្ហាញក្ដីភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានឃើញពីការរស់នៅបងប្អូន ប្រជាពលរដ្ឋភៀសសឹក ដែលទទួលបានការយកចិត្តទុកដាក់ពីប្រមុខរដ្ឋាភិបាលកម្ពុជា ដោយរៀបចំលំនៅឋានសម្រាប់បងប្អូនភៀសសឹកទាំង៦ភូមិ បានយ៉ាងល្អប្រសើរ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណលោក ហ្វ្រង់ស្វ័រ ក្រូឌីឌីយេ រួមនឹងគណៈប្រតិភូ នៃស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំក្រុង METZ ប្រទេសបារាំង ដែលបានផ្តល់អណ្ដូងទឹក ចំនួន៦អណ្តូង ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹកបានប្រើប្រាស់។

សូមបញ្ជាក់ថា បច្ចុប្បន្នបងប្អូនជនភៀសសឹក ដែលត្រូវទាហានថៃ ចូលកាប់កាន់ទាំង៦ភូមិខុសច្បាប់អន្តរជាតិ មិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបានទេ និងកំពុងស្នាក់នៅភូមិរង់ចាំ ដែលមកទល់ពេលនេះមានចំនួន ៣.៣១៨ គ្រួសារ ស្មើនឹងមនុស្សចំនួន ១៣.២៥៩នាក់ (ស្រី៦.៦៤២នាក់-កុមារ៣.៤១៦នាក់)៕