សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ ជូនចំពោះ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា នៃទិវាចម្រើនជន្មាយុ របស់សម្ដេចរដ្ឋសភា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
សារលិខិតជូនពរមានខ្លឹមសារថា៖ «ក្នុងនាមខ្ញុំផ្ទាល់ និងសមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល ព្រមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជននៃកាកបាទក្រហមកម្ពុជា សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លាឈ្លាសវៃ មានជន្មាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំជាតិ មាតុភូមិនៃយើង ប្រកបដោយភាពសម្បូរសប្បាយ ថ្កុំថ្កើង រុងរឿង ជារៀងដរាបតទៅ។
ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវការគោរពកោតសរសើរដោយស្មោះ ចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ដែលបាននិងកំពុងខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ប្រកបដោយឆន្ទៈមោះមុត មនសិការ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ បន្តដឹកនាំបំពេញតួនាទី ដ៏សំខាន់របស់ស្ថាប័នរដ្ឋសភា សម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅក្នុងយុគសម័យបរិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិត រួមទាំងការចូលរួមសកម្មក្នុងវេទិកាជាតិ អន្តរជាតិនានា សំដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ រក្សាបាននូវសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អ នាំមកនូវបរិយាកាសដ៏មានអំណោយផល សម្រាប់ជាតិ និងប្រជាជន ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ។ ជាមួយនេះដែរ សម្តេចមហារដ្ឋសភាធិការធិបតី គឺជាស្ត្រីថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប មានចំណេះដឹង សមត្ថភាពខ្ពង់ខ្ពស់ ប្រកបដោយ សក្តានុពល ដែលបានរួមចំណែកយ៉ាងសកម្មមោះមុតជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយ បញ្ហាព្រំដែនឈរលើគោលការណ៍ «ស្ងាត់តែមិនស្ងៀម» តាមផ្លូវការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ រយៈពេលកន្លងមក សម្តេចមហារដ្ឋសភាធិការធិបតី បាន ចែករំលែកពេលវេលាដ៏មានតម្លៃនិងមមាញឹកជួយជ្រោមជ្រែង គាំទ្រគ្រប់ពេលវេលាចំពោះកាកបាទក្រហមកម្ពុជា ដែលជាជំនួយការជូនរាជរដ្ឋាភិបាលក្នុងវិស័យមនុស្សធម៌។
ស្ថិតក្នុងថ្ងៃចម្រើនជន្មាយុដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមបួងសួង ដល់តេជះព្រះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយ អភិបាលប្រោះព្រំ គ្រងរក្សា សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ព្រមទាំងក្រុមគ្រួសារជាទី ស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

