នៅរសៀលថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រីសិង្ហបុរី បានជួបពិភាក្សាការងារជាមួយគ្នា ខណៈមេដឹកនាំទាំងពីរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសហ្វីលីពីន។
កម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងគ្នាអស់រយៈពេលជាង ៦ ទសវត្សរ៍មកហើយ។ សិង្ហបុរី ជាប្រទេសដំបូងគេបង្អស់មួយដែលទទួលស្គាល់ឯករាជ្យរបស់កម្ពុជា ហើយប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅឆ្នាំ១៩៦៥។
ចំណងទំនាក់ទំនងប្រទេសទាំងពីរ បន្តយកចិត្តទុកដាក់ខ្លាំងដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ដែលសុទ្ធសឹងជានាយករដ្ឋមន្ត្រីថ្មីដូចគ្នា។ ដើម្បីរឹតចំណងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ មេដឹកនាំប្រទេសទាំងពីរ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគ្នាទៅវិញទៅមក ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។
សម្តេចមហាបវរធិបតី បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសិង្ហបុរី នៅឆ្នាំ២០២៤។ លោក ឡរ៉េន វ៉ុង បានអញ្ជើញទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ២០២៥ ចំពេលប្រទេសទាំងពីរប្រារព្ធខួប៦០ឆ្នាំ នៃការបង្កើតចំណងការទូតរវាងគ្នា។
សិង្ហបុរី គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់មួយរបស់កម្ពុជា។ ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងសិង្ហបុរី ទទួលបានលទ្ធផលរីកចម្រើនយ៉ាងខ្លាំងក្លា និងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ប្រមាណ ៣ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ១០ខែឆ្នាំ២០២៦។ បច្ចុប្បន្នសិង្ហបុរី គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងជាប់ចំណាត់ថ្នាក់ជាប្រភពវិនិយោគបរទេសធំជាងគេទី៤នៅកម្ពុជា។
ការវិនិយោគរបស់សិង្ហបុរីនៅកម្ពុជាផ្តោតសំខាន់លើវិស័យអចលនទ្រព្យ ធនាគារ និងហិរញ្ញវត្ថុ ភស្តុភារកម្ម (Logistics) ថាមពល ការកែច្នៃម្ហូបអាហារ អប់រំ បច្ចេកវិទ្យា និងសុខាភិបាល ដូចជាការពង្រីកមជ្ឈមណ្ឌលវេជ្ជសាស្ត្រអន្តរជាតិ SingMed នៅភ្នំពេញ។
ឆ្នាំ២០២៦នេះ កម្ពុជា និងសិង្ហបុរី មានកិច្ចព្រមព្រៀង ដើម្បីទទួលពលករជំនាញទៅធ្វើការនៅប្រទេសសិង្ហបុរីថែមទៀតផង៕









