អបអរសាទរ ទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត៥ធ្នូ និងវេទិកាជាតិលើកទី៧


រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានប្រារព្ធទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត៥ធ្នូ និងវេទិកាជាតិលើកទី៧ ក្រោមអធិបតីភាព ឯកឧត្ដម ស៊ាន ប៉ូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី Anne Lemaistre ប្រធានអង្គការ UNESCO ប្រចាំកម្ពុជា រួមជាមួយឯកឧត្ដម លោកជំទាវ លោក លោកស្រីប្រធានអង្គភាព និងមន្ត្រីអប់រំ ព្រមទាំងការចូលរួមរបស់យុវជន យុវនារី ដែលជាសិស្ស និស្សិត ជាច្រើនអ្នក។
វេទិកានាពេលនេះបានផ្ដល់ឱកាសដល់ការជួបជុំគ្នាសម្រាប់បើកកិច្ចពិភាក្សាស្វែងយល់ និងរិះរកវិធីជំរុញការងារស្ម័គ្រចិត្តទាំងឡាយដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា ធនធាន និងសមត្ថភាពរបស់ខ្លួន ក្នុងការជួយអ្នកដទៃ ជួយសហគមន៍ និងចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ឥតឈប់ឈរ។ ការរីកចម្រើនទាំងអស់នេះគឺបានពង្រឹងសក្ដានុពលលើវិស័យជាច្រើនរបស់សង្គមហើយដែលសង្គមបច្ចុប្បន្នរបស់កម្ពុជាត្រូវការជាចាំបាច់ បើទោះបីជាស្ថិតក្នុងសម័យកាលនៃវិទ្យាសាស្ត្រដ៏រីកចម្រើនក៏ដោយ ក៏មិនអាចកាត់ផ្ដាច់ពីការចូលរួមពីកម្លាំងស្ម័គ្រចិត្តបានឡើយ ព្រោះកម្លាំងស្ម័គ្រចិត្តមានថាមពលមហាសាល ហើយក៏ជាកត្តាជំរុញមួយយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំង និងភាពអសកម្មនានារបស់សង្គមនាសតវត្សទី២១នេះ។