ប្រជាពលរដ្ឋក្រីក្រ១៧គ្រួសារបានទទួលអំណោយសប្បុរសធម៌ ពីសមាគមកូរ៉េ


នៅរសៀលថ្ងៃ៣រោច ខែ មគសិរ ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦១ ត្រូវថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ២០១៧ បងប្អូន ប្រជាពលរដ្ឋក្រីក្រ ចំនួន១៧គ្រួសារ មកពីសង្កាត់គោកចក និង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ត្រូវបានទទួល អំណោយសប្បុរសធម៌ ពីសមាគមកូរ៉េ ប្រចាំកម្ពុជា ក្នុងឱកាសរំលឹកខួបលើកទី២០ នៃទំនាក់ទំនងការទូតវប្បធម៌ កម្ពុជាកូរ៉េ ដែលបានប្រព្រឹត្តទៅក្រោមវត្តមានលោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត ឯកឧត្តម ផាក សឹងឃ្យូ អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប និង លោក ជឹង បុកគីល ប្រធាន សមាគមកូរ៉េ ប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាថ្នាក់ ដឹកនាំមន្ទីរ និងសមាគមន៍កូរ៉េក្នុងខេត្តផងដែរ ។
លោកជំទាវ យូ សុភា ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និង ប្រជាជនកូរ៉េ ដែលមានចិត្ត សប្បុរសធម៌ ចំពោះប្រជាជនកម្ពុជា សំខាន់ប្រជាជននៅខេត្តសៀមរាប ដែលតែងទទួលបានការជួយឧបត្ថម្ភ គាំទ្រ ពី រដ្ឋាភិបាល និង ប្រជាជនកូរ៉េ តាមរយៈនៃការទំនាក់ទំនងជាមិត្តភាព ដោយខេត្តសៀមរាបមានសម្ព័ន្ធមេត្រីភាពជា មួយខេត្ត ក្រុងនៃសាធារណរដ្ឋកូរ៉េ ដែលធ្វើឲ្យក្លាយជាកាលនុវត្តភាព ក្នុងការរឹតចំណងសាមគ្គីភាព និង ការពង្រឹង កិច្ចទំនាក់ទំនង សហប្រតិបត្តិការល្អ រវាងប្រទេសជាតិ និង ប្រជាជនទាំងពីរ កាន់តែមានភាពរឹងមាំទ្វេរឡើង ។
លោកជំទាវក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះស្មារតី សប្បុរសធម៌ របស់សប្បុរសជន និង វិនិយោគិនកូរ៉េ ក្នុងការជួយសម្រួលដល់ការលំបាករបស់គ្រួសារក្រីក្រ ទាំង១៧ គ្រួសារ ក្នុងក្រុងសៀមរាប ដែលធ្វើឲ្យវប្បធម៌នៃការទំនាក់ទំនងរវាងប្រជាជនទាំងពីរ កម្ពុជា កូរ៉េ កាន់តែធ្វើឲ្យចំណង មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរស្ថិតស្ថេរជានិច្ចនិរន្ត ទៅអនាគត ៕