ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា ក្រសួងព័ត៌មានជាសេនាធិការរបស់រាជរដ្ឋាភិបាលប្តេជ្ញាធានាថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវទទួលបានព័ត៌មានពិត មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ មិនអាចទទួលបានព័ត៌មាននោះទេ ជាពិសេសបន្តទប់ស្កាត់ព័ត៌មានក្លែងក្លាយគ្រប់រូបភាព។
ការសង្កត់ធ្ងន់បែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍទូរទស្សន៍ឌីជីថល» នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មានឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មន្ត្រីជំនាញមកពីអង្គភាពពាក់ព័ន្ធ ប្រតិបត្តិករទូរទស្សន៍រដ្ឋ និងឯកជន ព្រមទាំងដៃគូពាក់ព័ន្ធ សរុបប្រមាណ ២០០រូប។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូប ទាំងនៅទីក្រុង និងជនបទដាច់ស្រយាល អាចទទួលបានព័ត៌មានពិត ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងគួរឱ្យទុកចិត្ត ព្រមទាំងទទួលបានផលប្រយោជន៍ពីបរិវត្តកម្មឌីជីថល ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ត្រូវបានផាត់ចេញពីដំណើរការនេះឡើយ។
រដ្ឋមន្ត្រីបានបញ្ជាក់ថា ការផ្លាស់ប្តូរនេះតម្រូវឱ្យមានការសម្របខ្លួន និងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឱ្យស្របតាមបរិបទថ្មី ដោយភ្ជាប់ជាមួយការពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងសេវាអ៊ីនធឺណិត ដើម្បីឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់ឧបករណ៍ឌីជីថលទទួលបានព័ត៌មានប្រកបដោយភាពងាយស្រួល។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការធានាព័ត៌មានពិត គឺក្រសួងមានភារកិច្ចធានាឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានត្រឹមត្រូវ គួរឱ្យទុកចិត្ត ដើម្បីចូលរួមចំណែកការពារសុវត្ថិភាពសង្គម។ ដូច្នេះ ការគ្រប់គ្រង និងគុណភាពព័ត៌មាន ក្រសួងព័ត៌មានបានជំរុញការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យប្រជាពលរដ្ឋយល់ច្រឡំ ឬបាត់បង់ជំនឿលើប្រព័ន្ធផ្សព្វផ្សាយ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរប់រាជរដ្ឋាភិបាល ត្រូវដើរតួនាទីនៅក្នុងការធានាថាប្រជាពលរដ្ឋត្រូវទទួលបានព័ត៌មាន នេះគឺនិយាយពីសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ។ សម្រាប់ក្រសួងព័ត៌មាន បញ្ជាក់ពីសន្តិសុខព័ត៌មាន គឺមានកត្តា៣សំខាន់ ទី១៖ សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ យើងអត់ទុកឱ្យប្រជាពលរដ្ឋណាម្នាក់មិនទទួលបានព័ត៌មាននោះទេ»។
បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា គុណភាពព័ត៌មាន គឺការផ្សព្វផ្សាយ ការសរសេរអត្ថបទព័ត៌មានពង្រឹងលើគុណភាព។ បើទោះបីបច្ចុប្បន្ននេះ គុណភាពព័ត៌មាននៅមានកម្រិតក៏ដោយ។ ការមានកម្រិតគុណភាពព័ត៌មាន ដោយសារតែចំនួនអង្គភាពសារព័ត៌មានច្រើន ក៏ប៉ុន្តែ គុណភាពសរសេរព័ត៌មាននៅមានកម្រិតនៅឡើយ ខណៈអ្នកសរសេរព័ត៌មានក្នុងក្របខណ្ឌ professional ធ្លាក់ចុះ។ ចំណែកឯអ្នកយកព័ត៌មានតាម Online មានការកើនឡើងច្រើន។
រដ្ឋមន្ត្រីបានបញ្ជាក់ថា ការផ្លាស់ប្តូរនេះតម្រូវឱ្យមានការសម្របខ្លួន និងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឱ្យស្របតាមបរិបទថ្មី ដោយភ្ជាប់ជាមួយការពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងសេវាអ៊ីនធឺណិត ដើម្បីឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់ឧបករណ៍ឌីជីថលទទួលបានព័ត៌មានប្រកបដោយភាពងាយស្រួល។
តាមរយៈការរៀបចំគោលនយោបាយជាតិស្តីពីការអភិវឌ្ឍទូរទស្សន៍ឌីជីថល ក្រសួងព័ត៌មានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការកសាងប្រព័ន្ធផ្សព្វផ្សាយដែលមានភាពទំនើប ប្រសិទ្ធភាព និងនិរន្តរភាព ព្រមទាំងពង្រឹងលទ្ធភាពរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានដែលមានគុណភាពពីប្រភពដែលអាចទុកចិត្តបាន ដើម្បីរួមចំណែកដល់ការកសាងសង្គមព័ត៌មាន និងការអភិវឌ្ឍប្រទេសជាតិ។
ក្រសួងព័ត៌មាន បានដាក់ចេញជាគោលការណ៍ដឹកនាំសម្រាប់វិស័យសារព័ត៌មាន ដោយក្រសួងព័ត៌មាននឹងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាបរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់ការប្រកបវិជា្ជជីវៈសារព័ត៌មាននៅកម្ពុជា, លើកទឹកចិត្តដល់ការពង្រឹងគុណភាព សមត្ថភាពជំនាញ ការអនុវត្តការងារ និងស្នាដៃល្អប្រកបដោយសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ដោយឈរលើមូលដ្ឋានសមភាព គ្មានការរើសអើង គ្មានការគំរាមកំហែង និងមិនប្រកាន់និន្នាការនយោបាយឡើយ, ខណៈបន្តពង្រឹងបច្ចុប្បន្នភាពនៃច្បាប់ និងលិខិតបទដ្ឋានសម្រាប់វិស័យព័ត៌មាន ដើម្បីធានាការការពារសិទ្ធិ សណ្តាប់ធ្នាប់ ការគ្រប់គ្រងនូវគុណភាព និងសុវត្ថិភាពព័ត៌មាន៕




















