ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងជំរុញការងារត្រៀមរៀបចំឱ្យបានគ្រប់ជ្រុងជ្រោយ ធានាឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
ពិធីបុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» ដោយមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើក។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ អនុប្រធាន និងសមាជិកគណៈកម្មការអន្តរក្រសួង ព្រមទាំងតំណាងអង្គការសង្គមស៊ីវិល បណ្តាញសារព័ត៌មាន សហភាពសហព័ន្ធយុវជនកម្ពុជា សមាគម ប្រតិបត្តិករទេសចរណ៍ និងវិស័យឯកជន សរុបប្រមាណ១៥០នាក់។
សូមជម្រាបថា ពិធីបុណ្យសមុទ្ររៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សក្តានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា ផ្សព្វផ្សាយគុណតម្លៃធនធានសមុទ្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចខៀវប្រកបដោយចីរភាព ព្រមទាំងចូលរួមថែរក្សាជីវចម្រុះ និងបរិស្ថានតំបន់ឆ្នេរ។
ក្នុងឱកាសនេះ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ សូមអញ្ជើញប្រជាពលរដ្ឋ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាពិធីបុណ្យសមុទ្រឆ្នាំ២០២៦ ដើម្បីរួមគ្នាលើកកម្ពស់វិស័យទេសចរណ៍ និងផ្សព្វផ្សាយសម្រស់ឆ្នេរសមុទ្រកម្ពុជាទៅកាន់ពិភពលោក៕













