ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ពីទីក្រុងរណបមេគង្គឃី ទៅកាន់ទីក្រុងរណបកោះនរា) មានទីតាំងភូមិសាស្ត្រត្រើយខាងកើត ស្ថិតនៅក្នុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល និងត្រើយខាងលិច ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានចាប់ផ្តើមសាងសង់ជាផ្លូវការហើយ។
ដើម្បីឱ្យដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីទីក្រុងរណបមេគង្គឃី ទៅកាន់ទីក្រុងរណបកោះនរា បានដំណើរការទៅដោយរលូន ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំណាវនាវដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ មេត្តាយកចិត្តទុកដាក់ក្នុងការបើកបរដោយប្រុងប្រយ័ត្នខ្ពស់ ដោយហេតុក្នុងអំឡុងពេលនេះនៅតំបន់ការដ្ឋានសាងសង់ស្ពាន ផ្លូវនាវាចរណ៍នឹង បង្កលក្ខណៈរួមតូច ដែលអាចរំខានដល់ការធ្វើដំណើរឆ្លងកាត់ទៅមករបស់នាវា។
សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ពីទីក្រុងរណបមេគង្គឃី ទៅកាន់ទីក្រុងរណបកោះនរា) មានទីតាំងភូមិសាស្ត្រត្រើយខាងកើត ស្ថិតនៅក្នុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល និងត្រើយខាងលិច ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានចាប់ផ្តើមសាងសង់ជាផ្លូវការ។ ក្នុងអំឡុងពេលនេះនៅតំបន់ការដ្ឋានសាងសង់ស្ពាន ផ្លូវនាវាចរណ៍នឹង បង្កលក្ខណៈរួមតូច ដែលអាចរំខានដល់ការធ្វើដំណើរឆ្លងកាត់ទៅមករបស់នាវា។
ដូចនេះដើម្បីធានាបាននូវសុវត្ថិភាពរបស់នាវាចរណ៍ ដែលធ្វើដំណើរតាមដងទន្លេមេគង្គ ឆ្លងកាត់ តំបន់ការដ្ឋានសាងសង់ ក្រសួងសាធារណការ សូមអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ មេត្តាយកចិត្តទុកដាក់ក្នុងការបើកបរដោយ ប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឧបទ្ទវហេតុកើតឡើងជាយថាហេតុ និងសូមអនុវត្តតាមការណែនាំដូចខាងក្រោម៖
១៖ បន្ថយល្បឿននាវា និងបើកបរនៅក្នុងចន្លោះសុវត្ថិភាពដែលមានផ្លាក និងពោងសញ្ញាបង្ហាញ។
២៖ រក្សាចម្ងាយសុវត្ថិភាពបើកបរឱ្យបានគ្រប់គ្រាន់ ជាពិសេសនៅរដូវវស្សាដែលមានចរន្តទឹកហូរ និង គួចខ្លាំងដើម្បីចៀសវាងហានិភ័យនៃការប៉ះទង្គិចពេលឆ្លងកាត់ច្រករួមតូច ឬនៅជិតការដ្ឋានសាងសង់។
៣៖ ផ្តល់អាទិភាពដល់នាវារបស់ការដ្ឋានសាងសង់ និងអនុវត្តតាមការផ្តល់សញ្ញា និងការណែនាំពី បុគ្គលិកការដ្ឋានសាងសង់។
៤៖ មិនអនុញ្ញាតឱ្យនាវាបោះយុថ្កា ឈប់សំចត ឬស្នាក់នៅ ក្នុងចម្ងាយ ៥០០ម៉ែត្រ ពីការដ្ឋានសាងសង់។
៥៖ នាវាធ្វើដំណើរឆ្លងកាត់តំបន់សាងសង់ ត្រូវតែធ្វើចរាចរណ៍ទៅតាមទីតាំងដែលបានកំណត់។
៦៖ ហាមបើកវ៉ាជែងគ្នា និងល្បឿនលឿនបណ្តាលឱ្យមានរលកខ្លាំង និងត្រូវរក្សាគម្លាតសុវត្ថិភាពពី គ្នាក្នុងចម្ងាយ ៥០០ម៉ែត្រ ក្នុងករណីធ្វើឱ្យនាវាចរណ៍បញ្ច្រាស់ចរន្តទឹកហូរ និង ១ ០០០ម៉ែត្រ ក្នុងករណីធ្វើនាវាចរណ៍ស្របតាមចរន្តទឹកហូរ៕



