បណ្ឌិតសភាវិទ្យាសាស្រ្តចិន ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថានលើកិច្ចគាំពារបរិស្ថាន


នៅក្នុងជំនួបជាមួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវជាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ នាទីស្តីការក្រសួង អ្នកវិទ្យាសាស្រ្តចិនដឹកនាំដោយលោកសាស្រ្តាចារ្យ Wang Dongsheng អនុប្រធានបណ្ឌិតសភាវិទ្យាសាស្រ្តចិន បានបញ្ជាក់ពីជំហរពង្រឹងកិច្ចសហការកាន់តែស៊ីជម្រៅលើកិច្ចសហប្រត្តិបត្តិការ ជាមួយក្រសួងបរិស្ថាន ក្នុងកិច្ចគាំពារបរិស្ថាន។ លោកសាស្រ្តាចារ្យ Wang Dongsheng បញ្ជាក់ថាភាគីចិនគ្រោងចុះអនុស្សារណៈយោគយល់គ្នារវាងបណ្ឌិតសភាវិទ្យាសស្រ្តចិន និងក្រសួងបរិស្ថាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាច្រើនថែមទៀត ការរៀបចំស្ថានីយ៍តាមដានគុណភាពទឹកទន្លេស្វ័យប្រវត្តិនៅកោះពេជ្រ និងការរៀបចំមន្ទីរពិសោធន៍គុណភាពទឹក និងបរិស្ថាន ចិន-កម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងបណ្ឌិតសភាវិទ្យាសាស្រ្តចិន ជាមួយក្រសួងបរិស្ថាន តាមរយៈមជ្ឈមណ្ឌលស្រាវជ្រាវបរិស្ថានអេកូឡូស៊ីប្រទេសចិន និងអគ្គនាយកដ្ឋានគាំពារបរិស្ថាន នាពេលកន្លងមក។ ឯកឧត្តម រដ្ឋមន្រ្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការនឹងពង្រឹងថែមទៀតនូវប្រសិទ្ឋភាពកិច្ចគាំពារបរិស្ថាន។ ឯកឧត្តម បានបង្ហាញដែរថា ក្រសួងបរិស្ថានបច្ចុប្បន្នកំពុងកសាងសមត្ថភាពអ្នកវិទ្យាសាស្រ្តរបស់ខ្លួន ឱ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងតម្រូវការងារចំពោះមុខ ក្នុងនោះក៏ត្រូវការកិច្ចសហការពីដៃគូផងដែរ។ សូមបញ្ជាក់ថាកន្លងមកនេះ បណ្ឌិតសភាវិទ្យាសាស្រ្តចិន បានសហការជាមួយក្រសួងបរិស្ថាន តាមរយៈមជ្ឈមណ្ឌលស្រាវជ្រាវបរិស្ថានអេកូឡូស៊ីប្រទេសចិន សាងសង់ស្ថានីយ៍តាមដានគុណភាពទឹកនៅចតុមុខតំបន់កោះពេជ្រ ដែលគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស នាខែមករាឆ្នាំ២០១៨ខាងមុខ និងបង្កើតនិងពង្រឹងប្រសិទ្ឋភាពការងារមន្ទីរពិសោធន៍ នៅទីស្តីការក្រសួងបរិស្ថានផងដែរ៕