ចម្លាក់តោនិងពុទ្ធបដិមាសម័យកណ្តាលនៃប្រាសាទប្រែរូបកំពុងទទួលការអភិរក្សជួសជុលពីមន្ត្រីជំនាញខ្មែរ


មន្ត្រីជំនាញខ្មែរផ្នែកអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលលើចម្លាក់តោចំនួនពីរដែលមានទីតាំងនៅផ្លូវឡើងទៅកាន់ជាន់ទី៥ផ្នែកខាងជើងនិងខាងត្បូងនិងបដិមាព្រះពុទ្ធរូបធ្វើនៅសម័យកណ្តាលចំនួនពីរអង្គ ស្ថិតក្នុងប្រាង្គកណ្តាល នៃប្រាសាទប្រែរូប ដែលស្ថិតនៅជ្រុងឦសាននៃស្រះស្រង់លើបណ្តោយផ្លូវវង់ធំ។
ក្រុមអ្នកបច្ចេកទេសផ្នែកអភិរក្សថ្ម កំពុងរៀបចំរន្ទា និងស្ទូចចម្លាក់តោដែលបានបាក់ធ្លាក់ពាក់កណ្តាលខ្លួនដើម្បីធ្វើការជួសជុលឡើងវិញ ចំណែកបំណែកដែលបាក់បែកទាំងឡាយ ក៏ត្រូវសម្រង់ចុះបញ្ជី និងសិក្សាប្រភពសម្រាប់យកទៅតភ្ជាប់ស្របតាមទម្រង់ដើមនៃចម្លាក់នីមួយៗ។ គម្រោងជួសជុលចម្លាក់តោ និងព្រះពុទ្ធរូប នឹងគ្រោងចំណាយពេលវេលាសម្រាប់ថែទាំ ជួសជុលប្រមាណ ៦ខែ សម្រាប់ដំណើរជួសជុលរួចរាល់។
បដិមារូបព្រះពុទ្ធអំពីថ្មភក់ដែលទ្រង់ឈរពីរអង្គជាប់គ្នានេះ បានបាត់ព្រះកេសទាំងស្រុង និងដាច់ត្រឹមកជើង ហើយអាចត្រូវបាននាំទៅតម្កល់ក្នុងប្រាសាទនេះក្នុងសម័យកណ្តាល (ស.វទី១៥-១៦) គឺកំឡុងពេលដែលខ្មែរងាកមកគោរពព្រះពុទ្ធសាសនាថេរវាទវិញ ត្បិតប្រាសាទនេះដើមឡើយគឺសាងឧទ្ទិសដល់ព្រហ្មញ្ញសាសនា។
លោក ឡុង ណារី អ្នកដឹកនាំគម្រោងជួសជុលនេះបញ្ជាក់ថា គេពុំបានដឹងច្បាស់លាស់ ពីពេលវេលា និងមូលហេតុដែលចម្លាក់តោទាំងនេះបាក់ធ្លាក់ពាក់កណ្តាលខ្លួនទៅជាន់ខាងក្រោមនោះទេ។ ផ្អែកតាមស្លាកស្នាមដែលសេសសល់ ចម្លាក់តោទាំងនេះ គឺកន្លងមកធ្លាប់ទទួលការជួសជុលដោយសាលាបារាំងចុងបូព៌ា (EFEO)។ ស្ថានភាពបច្ចុប្បន្នចម្លាក់តោបង្ហាញ អំពីស្នូលដែកដែលបានប្រើប្រាស់សម្រាប់ពង្រឹង បានរងការពុកផុយខ្លាំង។ ដូចនេះ ចម្លាក់អាចត្រូវរបេះធ្លាក់ដោយសារការថយចុះនៃគុណភាពសម្ភារ:ពង្រឹងទាំងនោះ។
លទ្ធផលលើផ្នែកកិច្ចការថែទាំ អភិរក្សនិងជួសជុលចម្លាក់ បដិមានៅប្រាសាទប្រែរូបក្នុងឆ្នាំ២០១៧គឺបានជួសជុលរួចរាល់នូវចម្លាក់តោចំនួន៣ និងក្បាច់ចម្លាក់ផ្តែរចំនួនពីរនៅប៉មជ្រុងឦសាន និងជ្រុងពាយ័ព្យផ្នែកខាងលើ និងចម្លាក់ពុកផុយលើសសរពេជ្រមួយចំនួនទៀត។
បំណងនិងជម្រើសនៃការជួសជុលចម្លាក់តោ និងចម្លាក់ព្រះពុទ្ធរូបអំពីថ្មភក់នេះ គឺដើម្បីផ្តល់ការលើតម្លៃវត្ថុសិល្បៈ ពិសេស សម្រាប់ផ្នែកសាសនា ហើយរាល់ដំណាក់កាលនីមួយៗនៃដំណើរការជួសជុលត្រូវគោរពនូវបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ពោលគឺ រាល់បំណែកថ្មតូចធំទាំងឡាយដែលរបេះដាច់ចេញពីទម្រង់ដើមនៃចម្លាក់ត្រូវការប្រមូល ព្រមទាំងធ្វើកំណត់ត្រាជាក់ច្បាស់ ដោយគិតលើគុណភាពថ្ម និងលទ្ធភាពអាចយកទៅប្រើប្រាស់ឡើងវិញក្នុងការតភ្ជាប់គ្នាតាមទម្រង់ដើមនៃបដិមា។ ដោយឡែក កិច្ចការសម្អាតលើផ្ទៃថ្ម ជាបច្ចេកទេសចាំបាច់សម្រាប់ជម្រះជាតិអំបិលដែលបន្សល់នូវកំណកជាច្រើនស្អិតជាប់នៅលើផ្ទៃថ្មទាំងនោះ។ ក្នុងនោះ ការជួសជុលក៏មានការផ្លាស់ប្តូរសម្ភារៈចាស់ៗដូចជា ដែកទាមដែលពុកផុយ បានផ្លាស់ប្តូរដែកទាមថ្មី និងបិទភ្ជិតបាយអថ្មីចូលក្នុងស្នាមប្រហោងតូចឆ្មា រួមទាំងភ្ជិតស្នាមប្រេះសម្រាប់ការពារនូវជម្រាបទឹក។ ចំពោះព្រះកេសដែលបាត់បង់របស់ព្រះពុទ្ធរូបទាំងពីរ ក្រុមអ្នកបច្ចេកទេសនឹងធ្វើការសិក្សាស្រាវជ្រាវបន្ថែមដើម្បីនាំយកទៅតភ្ជាប់ឡើងវិញ។
ក្រុមអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា ដឹកនាំនិងអនុវត្តការងារផ្ទាល់ដោយកូនខ្មែរ ដែលធ្លាប់ឆ្លងកាត់ការរៀនសូត្រ និងបទពិសោធន៍ជាមួយការដ្ឋានបរទេស ហើយបន្តបច្ចេកទេសនេះសម្រាប់សង្រ្គោះបេតិកភណ្ឌវប្បធម៌ តាមរយៈការជួសជុលរាល់ក្បាច់ចម្លាក់ដែលរងការពុកផុយទាំងឡាយនៅតាមប្រាសាទនានាក្នុងតំបន់អង្គរថ្ម៕