សំណង់ទ្វារទឹកលើតួទំនប់នៃប្រព័ន្ធស្រោចស្រព ទំនប់លើត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់រួចរាល់ជាស្ថាពរហើយ


សំណង់ទ្វារទឹកលើតួទំនប់នៃប្រព័ន្ធស្រោចស្រព ទំនប់លើ ស្ថិតក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់រួចរាល់ជាស្ថាពរហើយ ។
គួររំលឹកផងដែរថា បន្ទាប់ពីទទួលរងការខូចខាតដោយសារទឹកជំនន់នាពេលកន្លងទៅ ប្រព័ន្ធស្រោចស្រព ទំនប់លើ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការជួសជុល ស្តារឡើងវិញជាបន្ទាន់ ។ ក្រោយការជួសជុល ស្តារឡើងវិញ ត្រូវបានបញ្ចប់ជាស្ថាពរ ក្រសួងបានបន្តធ្វើការសាងសង់សំណង់ទ្វារទឹកលើតួទំនប់ ចំនួន ០១ កន្លែង បន្ថែមទៀត ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងថែរក្សាទឹក ។ សំណង់ទ្វារទឹកនេះ គឺមានប្រវែង ៣៧ ម៉ែត្រ កំពស់ ៣,៤ ម៉ែត្រ មុខទឹកហូរ ៥ ម៉ែត្រ និងមានទ្វារទឹក ចំនួន ០៣ សន្លឹក ។
សូមបញ្ជាក់ជូនថា ប្រព័ន្ធស្រោចស្រព ទំនប់លើ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន​ ១៧០ ហិកតា​ និងស្រូវប្រាំង ចំនួន ​​​​​​​​​​​​​​​២០ ហិកតា ។ ក្រៅពីផ្តល់ទឹកស្រោចស្រព ប្រព័ន្ធនេះ ក៏ដើរតួនាទីជួយកាត់បន្ថយទឹកជំនន់ដែលហូរធ្លាក់ពីតំបន់ជួរភ្នំដងរែកផងដែរ ។