ក្រសួងបរិស្ថានបើកសន្និបាតរយៈពេលបីថ្ងៃសរុបលទ្ធផលឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨


ភ្នំពេញ៖ ក្រសួងបរិស្ថាននៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ បានបើកសន្និបាតរយៈពេលបីថ្ងៃបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨នៅទីស្តីការក្រសួងបរិស្ថានក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិនឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងពិធីបើកសន្និបាត ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងពីសមិទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ ដោយនៅក្នុងនោះក្រសួងបានកំណត់ទិសដៅយុទ្ធសាស្រ្តគឺការកំណត់យការធ្វើទំនើបកម្មស្ថាប័ន កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព ដែលជាសសរស្តម្ភ និងជាមូលដ្ឋានគ្រឹះ សម្រាប់ការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍដោយចីរភាពស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសមិទ្ធផលរបស់ក្រសួងបរិស្ថានដែលបានសម្រេចដែលរួមមានការទំនើបកម្មស្ថាប័ន កិច្ចគាំពារបរិស្ថាន ការងារការពារ និងអភិរក្សធនធានធម្មជាតិ ការអភិវឌ្ឍដោយចីរភាព ការងារអប់រំ និងផ្សព្វផ្សាយព័ត៌មានបរិស្ថាន។
ក្រោយការបញ្ចប់សន្ទរកថារបស់ឯកឧត្តមរដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានសង្តត់ធ្ងន់ថា ក្រសួងបរិស្ថានបាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងនាមជាស្ថាប័ននិយតករ ក្នុងការរៀបចំ និងផ្តួចផ្តើមឱ្យមានការធ្វើកំណែទម្រង់សំខាន់ៗនៅក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិ ក៏ដូចជាជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តកម្មវិធីកំណែទម្រង់ទាំងនេះឱ្យមានប្រសិទ្ធភាព ដើម្បីធានារក្សាឱ្យបាននូវតុល្យភាពរវាងការអភិរក្សនិងការអភិវឌ្ឍ។
សូមបញ្ជាក់ថា ការងារបរិស្ថានជាកិច្ចការសកល និងមានលក្ខណៈអន្តរវិស័យ ដែលត្រូវបានពិភពលោកយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ននេះ ហើយក៏ជាកិច្ចការដែលទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងក្នុងក្របខ័ណ្ឌជាតិ តំបន់ និងពិភពលោក ក្នុងការរួមគ្នាថែរក្សា ការពារ និងស្វែងរកវិធានការដោះស្រាយបញ្ហាប្រឈម ដើម្បីធានាឱ្យបាននូវគុណភាពបរិស្ថាន តុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី ការរស់នៅដោយចីរភាព និងសុវត្ថិភាពនៃភពផែនដី។
ក្នុងក្របខណ្ឌជាតិ ការងារបរិស្ថានទាមទារឱ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងអ្នកពាក់ព័ន្ធ ក្នុងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ ស្របតាមគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ នៅចំពោះមុខកិច្ចការដ៏ចម្បងនេះ រាជរដ្ឋាភិបាលបានប្រកាន់ខ្ជាប់នូវជំហរវិជ្ជមាន ក្នុងការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដោយបានជំរុញឱ្យក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធ បន្តចូលរួមអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ តាមរយៈការពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដែលជាយន្តការសម្របសម្រួលការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការប្រែប្រួលអាកាសធាតុ ការប្រើប្រាស់បច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍដោយចីរភាព។ល។