កិច្ចប្រជុំកំពូលវិនិយោគិនសកល ២០១៨ ត្រូវការវត្តមានកម្ពុជា ខណៈកម្ពុជា-ឥណ្ឌាកំពុងជំរុញកំណើនទេសចរ និងវិនិយោគិន


ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ លោកជំទាវ ប្រាមីឡា រ៉ានីប្រាម៉ា រដ្ឋមន្ត្រីបរិស្ថាន និងព្រៃឈើរដ្ឋអាសាន់ នៃសាធារណរដ្ឋឥណ្ឌា បានគោរពអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីចូលរួមក្នុងកិច្ចប្រជុំកំពូលវិនិយោគិនសកល ឆ្នាំ២០១៨ ដោយការបញ្ជាក់ថា កិច្ចប្រជុំអន្តរជាតិនេះត្រូវតែមានវត្តមានចូលរួមពីកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារដែលធ្វើឡើងនារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ លោកជំទាវ ប្រាមីឡា បានឲ្យដឹងថា កិច្ចប្រជុំកំពូលវិនិយោគិនសកល នឹងប្រារព្ធឡើងនាថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខ នៅក្នុងរដ្ឋអាសាន់ ភាគឦសានឥណ្ឌា ដែលមានប្រទេសជាច្រើនទូទាំងពិភពលោកចូលរួមជាមួយគ្នា។

ឆ្លើយតបនឹងការអញ្ជើញរបស់លោកជំទាវរដ្ឋមន្ត្រីឥណ្ឌា ឯកឧត្តម ថោង ខុន បានបញ្ជាក់តបថា ឯកឧត្តមនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ តាមការអញ្ជើញរបស់ភាគីរដ្ឋអាសាន់ ដើម្បីរិតចំណងមិត្តភាពរវាងកម្ពុជា-ឥណ្ឌា ទាក់ទាញកំណើនទេសចរ អ្នកវិនិយោគឥណ្ឌា និងប្រទេសទី៣ មកទស្សនា និងវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈកំណើនទេសចរឥណ្ឌាមកទស្សនាកម្ពុជា កំពុងមានការកើនឡើងខ្ពស់ជាលំដាប់ ថ្វីត្បិតទេសចរឥណ្ឌានៅកម្ពុជាមិនទាន់មានចំនួនច្រើននៅឡើយក្ដី។

ក្រោយបញ្ចប់ជំនួបខាងលើ ឯកឧត្តម ថុក សុខុម ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ បា​នបញ្ជាក់ថា ទន្ទឹមនឹងការយល់ព្រមតាមការអញ្ជើញនេះ កម្ពុជាគ្រោងនឹងនាំក្រុមសិល្បវប្បធម៌របស់ខ្លួន ទៅសម្ដែងជូនគណៈប្រតិភូអន្តរជាតិទស្សនា ផ្សព្វផ្សាយពីកត្តាសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ កម្ពុជាមានសក្ដានុពលខ្ពស់សម្រាប់ផ្ដល់ឱកាសវិនិយោគ។ ក្រៅពីនេះ ក៏មានកម្មវិធី Roadshow ការតាំងបង្ហាញ និងការពិសារម្ហូបអាហារកម្ពុជា ព្រមទាំងការលើកឡើងពីសក្តានុពលមួយចំនួនទៀតផងដែរ។

ជាមួយគ្នានោះ ភាគីទាំងពីរបានជំរុញឲ្យមានការហោះហើរត្រង់ ពីកម្ពុជាឆ្ពោះទៅកាន់រដ្ឋអាសាន់ ពីព្រោះរដ្ឋភាគឦសានឥណ្ឌាមួយនេះ ប្រៀបដូចជាច្រកតភ្ជាប់អាស៊ាន និងកម្ពុជាយ៉ាងអញ្ចឹង ដែលសុទ្ធតែជាការជំរុញវិស័យវិនិយោគថ្មីបន្ថែមទៀត។

ក្នុងជំនួបដដែលនោះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថែមទាំងបានស្នើឲ្យភាគីឥណ្ឌាជួយជាជំនួយបច្ចេកទេសដល់កម្ពុជា ក្នុងការរៀបចំ និងអភិវឌ្ឍន៍បន្ថែមលើផ្នែកអេកូទេសចរណ៍ ទេសចរណ៍វប្បធម៌ ទេសចរណ៍សត្វព្រៃ ពិសេសការនាំយកសត្វខ្លាធំពីរដ្ឋអាសាន់ មកព្រលែង និងអភិរក្សឡើងវិញនៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរចូលទស្សនា។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីកម្ពុជា-ឥណ្ឌានឹងចុះអ​នុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នា នាពេលខាងមុខផងដែរ៕