កិច្ចប្រជុំ សម្របសម្រួលការងារគ្រប់គ្រងករណី និងសមាហរណកម្មកុមារក្នុងគ្រួសារ ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៧


នាព្រឹកថ្ងៃអង្គារ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣-ធ្នូ-២០១៧ នៅសាលប្រជុំលេខ១របស់រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំសម្របសម្រួលការងារគ្រប់គ្រងករណី និងសមាហរណកម្មកុមារក្នុងគ្រួសារ ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីគ្រប់បណ្ដាមន្ទីរពាក់ព័ន្ធក្នុងខេត្ត រួមទាំងអង្គការដៃគូមួយចំនួនផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺធ្វើឡើងដើម្បី ស្រាវជ្រាវករណីកុមាររងគ្រោះ និងងាយរងគ្រោះលើករណីផ្សេងៗនៅក្នុងសហគមន៍ លទ្ធផលការគ្រប់គ្រងករណីកុមារ ដែលបានធ្វើសមាហរណកម្មទៅក្នុងគ្រួសារ និងការធ្វើបច្ចុប្បន្នភាពកុមារ ដែលបានធ្វើសមាហរណកម្មទៅក្នុងគ្រួសារនៅក្នុងសហគមន៍។

យោងតាមសេចក្ដីរាយការណ៍របស់អ្នកសម្របសម្រួល គ.ក.ស.ក តាមបណ្ដាក្រុង-ស្រុកក្នុងខេត្ត គឺមានករណីមួយចំនួនដូចជា៖ ករណីកុមាររងគ្រោះពីឪពុកម្ដាយមិនឲ្យចូលរៀនដោយសារភាពក្រីក្រ ដោយសារបញ្ហាគ្រឿងញៀន គ្មានសំបុត្រកំណើត គ្មានទីជម្រក ជាពិសេសបញ្ហាការរំលោភសេពសទ្ទវៈទៅលើកុមារក្រីក្រពីឪពុកចុង ឪពុកបង្កើត ឬពីជនបរទេស ដែលធ្វើឲ្យកុមាររងគ្រោះមានការភ័យខ្លាចយ៉ាងខ្លាំង។ បញ្ហាទាំងនេះ ត្រូវបានសហគមន៍ និងអង្គការដៃគូសហការគ្នាដោះស្រាយបានមួយចំនួន ដោយយកកុមារទៅដាក់តាមមណ្ឌល តែមួយចំនួនមិនទាន់បានដោះស្រាយនៅឡើយ។
ជាមួយគ្នានេះ លោក ជំទាវ ស៊ិន ណម បានមានការចាប់អារម្មយ៉ាងខ្លាំង ព្រមទាំងបានធ្វើការជំរុញឲ្យអង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវតែតាមដាន និងស្រាវជ្រាវឲ្យអស់ក្នុងខេត្ត នូវរាល់អំពើប្រព្រឹត្តបទល្មើស ដើម្បីយកមកផ្ដន្ទាទោស និងព្រមទាំងស្រាវជ្រាវករណីកុមាររងគ្រោះ និងងាយរងគ្រោះលើករណីផ្សេងៗនៅក្នុងសហគមន៍ យកទៅដាក់នៅតាមមណ្ឌល ដើម្បីឲ្យកុមារទាំងនោះមានលទ្ធភាពក្នុងការសិក្សាប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ៕