ឯកឧត្តម វេង សាខុន និងគណៈប្រតិភូជាន់ខ្ពស់បានអញ្ចើញអមដំណើរជាមួយឯកឧត្តម យឹម ឆៃលី ធ្វើទស្សនៈនៅទីក្រុងឃុនមីង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន


នៅព្រឹកថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងគណៈប្រតិភូជាន់ខ្ពស់បានអញ្ចើញអមដំណើរជាមួយឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៅទស្សនៈកិច្ចក្រុមហ៊ុន Yunnan Construction and Investment Holding Group Co., Ltd នៅទីក្រុងឃុនមីង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

សូមបញ្ជាក់អំពីប្រវត្តសង្ខេបរបស់ក្រុមហ៊ុន Yunnan Construction and Investment Holding Group Co,. Ltd៖
• ក្រុមហ៊ុនបង្កើតឡើងបានជាង ៦០ឆ្នាំ
• បុគ្គលិកប្រមាណជា ៣ម៉ីននាក់
• មានជំនាញ និងបទពិសោធន៍ខ្ពស់ក្នុងការ
សាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងក្នុងនិងក្រៅប្រទេស
• វិនិយោគនៅ១៤ប្រទេស ក្នុងតំបន់អាស៊ី និងអាហ្វ្រិក
• ជាប់លំដាប់ថ្នាក់លេខ៦ ក្នុងចំណោមក្រុមហ៊ុនធំជាងគេនៃវិស័យសំណង់នៅសាធារណរដ្ឋប្រជាមានិតចិន
• កិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា
គឺបានបញ្ចប់ការសាងសង់វិមានមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី បញ្ជាការដ្ឋានកងទ័ព និងចាប់ផ្តើមសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាបនាពេលខាងមុខ

នាក្នុងឱកាសនេះ ឯកឧត្តមឧបនាយរដ្ឋមន្ត្រីបានធ្វើការវាយតម្លៃខ្ពស់ដល់វឌ្ឍនៈភាពរបស់ក្រុមហ៊ុន និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសកម្ពុជាកន្លងមក ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រី
សង្ឃឹមថាក្រុមហ៊ុននិងមកវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជានាថ្ងៃអនាគតផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានស្នើដល់ក្រុមហ៊ុនឲ្យពិនិត្យលើលទ្ធភាពវិនិយោគតំបន់សេដ្ឋកិច្ចពិសេសកែឆ្នៃ ផលិតផលកសិកម្មដើម្បីជម្រុញការនាំចេញ ដើម្បីលើកទឹកចិត្តដល់កសិករបង្កើនការផលិត ហើយនិងបានចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចកម្ពុជា។