សម្តេចតេជោសែន ជម្រុញការបន្តចុះជួយសង្គ្រោះប្រជាពលរដ្ឋ


Water Supply 03 05 16 2 copy

     សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ជម្រុញបន្តការផ្តល់ទឹកទូទាំងប្រទេសនិងការជួយប្រជាពលរដ្ឋ ដែលរងនឹងគ្រោះនឹងបាតុភូតធម្មជាតិ ។ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋ ជួយរាយការណ៍មកសមត្ថកិច្ច និងកាកបាទក្រហម ប្រសិនបើត្រូវការជំនួយសង្គ្រោះបន្ទាន់អ្វីមួយ ។

     ប្រសាសន៍តាមហ្វេសប៊ុករបស់សម្តេចតេជោ បានប្រព្រឹត្តទៅទន្ទឹមនឹងភ្លៀងកក់ខែ បានធ្លាក់នៅតាមតំបន់ខ្លះ ប៉ុន្តែតំបន់មួយចំនួននៅតែប្រទះការប្រឈមទឹកជាចាំបាច់ ។ សម្តេចបានមានប្រសាសន៍ថា ទោះបីមានភ្លៀងធ្លាក់ចុះមកខ្លះៗ នៅតាមខេត្តមួយចំនួនក៏ដោយ ក៏ការផ្តល់ទឹកជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះខ្វះទឹកទទួលទាន គឺកំពុងបន្តធ្វើនៅតាមតំបន់ហួតហែងជាបន្តទៀត ។

     សេចក្តីរាយការណ៍បានឱ្យដឹងថា នៅជាមួយគ្នាដែលមានភ្លៀងធ្លាក់កក់ខែនេះផងដែរ តំបន់មួយចំនួនបានរងនឹងគ្រោះបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ និងរន្ទះបាញ់ផងដែរ។ នៅខេត្តក្រចេះ… ខេត្តត្បូងឃ្មុំ… ខេត្តឧត្តរមានជ័យ ។ល។ ភ្លៀងកក់ខែដែលនាំខ្យល់កន្ត្រាក់ និងរន្ទៈបាញ់ បានបណ្តាលឱ្យមានមនុស្សរងករណីរន្ទះបាញ់… ផ្ទះច្រើនរយខ្នងបានរងការខូចខាតដោយសារខ្យល់កន្ត្រាក់ និងក៏មានមនុស្សស្លាប់ និងរបួសផងដែរ ។

     សម្តេចបានមានប្រសាសន៍ក្នុងហ្វេសប៊ុកថា ប្រសិនបើមានករណីបន្ទាន់អ្វីមួយកើតឡើង សូមប្រជាពលរដ្ឋរាយការណ៍ភ្លាមមកសមត្ថកិច្ច និងកាកបាទក្រហម ដើម្បីការចុះជួយសង្គ្រោះជាបន្ទាន់ ។ សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ផ្សេងៗ រួមទាំងរន្ទះ អគ្គីភ័យ និងការបាក់លំនៅដ្ឋានដោយ សារខ្យល់កន្ត្រាក់ និងខ្យល់ព្យុះ ហើយសូមទទួលទានទឹកមានអនាម័យដើម្បីចៀសវាងជំងឺផ្សេងៗ ។

Water Supply 03 05 16 3 copy  Water Supply 03 05 16 4 copy