អគារភ្លោះកំពស់ ៥៥ជាន់ បានបើកការដ្ឋានសាងសង់នៅថ្ងៃនេះ ដែលនឹងក្លាយជាអគារខ្ពស់លើកទី៣ ក្នុងរាជធានីភ្នំពេញ ។ ពិធីបើកការដ្ឋានសាងសង់ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែឧសភា ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា ។
គម្រោងកសាងអគារ The Peak Project កំពស់ ៥៥ជាន់នេះ នឹងមានសាលប្រជុំធំៗលំដាប់ផ្កាយ៥ ពិភពលោក… មានអគារស្នាក់នៅ… មានហាងទំនិញ… ភោជនីយដ្ឋាន និងអគារការិយាល័យ និងសណ្ឋាគារ The Shangri-La ដែលប្រកបដោយកិត្យានុភាពក្នុងពិភពលោក ។ អគារភ្លោះ ៥៥ជាន់នេះ កសាងនៅក្នុងភូមិទី១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
The Peak ជាអគារពាណិជ្ជកម្ម បណ្តាក់ទុនវិនិយោគ ៥៨០លានដុលា្លរ ។ ឯកឧត្ដមទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានស្នើឲ្យក្រុមហ៊ុនសំណង់ទាំងអស់ គោរពតាមបទដ្ឋានគតិយុត្តិនៃការសាងសង់ និងត្រូវរៀបចំការដ្ឋានសំណង់ឲ្យត្រឹមត្រូវ និងមានសុវត្ថិភាពតាមស្តង់ដារអន្តរជាតិ ដូចដែលអ្នកម៉ៅការសំណង់ដំណើរការ នៅបណ្ដាប្រទេសនៅអន្តរជាតិ ៕