ស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយចង្វារ គ្រោងនឹងចាប់ផ្ដើមជួសជុលនៅដើមឆ្នាំ ២០១៧នេះ ដោយគ្រោងនឹងចំណាយថវិកា ៣០លានដុល្លារ អាមេរិក ។ គម្រោងជួសជុលនេះ បានឱ្យដឹងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០១៦ ក្នុងពិធីមួយដោយមានការចុះហត្ថលេខា រវាងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជាមួយនឹងតំណាងសាជីវកម្ម Central Consultant Inc, គឺលោក Teruo Nakagawa ។
ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្រូវបានកសាងឡើងរវាងពីឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៦៣ ដែលមានប្រវែង ១ពាន់ ៨០ម៉ែត្រ និងទទឹង ១៣ម៉ែត្រ ។ ស្ពាននេះត្រូវបានដាក់មីនបំផ្លាញដាច់ជា២ នៅក្នុងឆ្នាំ ១៩៧២ ដោយក្រុមឧទ្ទាមខ្មែរក្រហម… និងត្រូវបានជួសជុលឡើងវិញនៅឆ្នាំ ១៩៩៤ ។ នៅឆ្នាំ ២០១៤ អ្នកជំនាញអង្គការ JICA បានរកឃើញថា ស្ពាននេះត្រូវបានខូចខាតផ្នែកខ្លះ ដែលចាំបាច់ត្រូវជួសជុលឡើងវិញ។ ដោយសារស្ពាននេះ ដើរតួនាទីជាសរសៃឈាម ដ៏មានសំខាន់ សម្រាប់ការដឹកជញ្ជូន រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បានព្រមព្រៀងគ្នាដើម្បីជួសជុលស្ពាននេះឡើងវិញក្រោមគម្រោងជំនួយឥតសំណងរបស់ជប៉ុន ។ គម្រោងដែលត្រូវ ចំណាយជាទឹកប្រាក់ ៣០លានដុល្លារសហរដ្ឋអាមេរិក នេះ ត្រូវបានអនុវត្តដោយអង្គការ JICA គ្រោងជួសជុល នៅដើមឆ្នាំ ២០១៧ ដែលនឹងត្រូវបញ្ចប់ក្នុងរយៈពេល ២២ខែ ។