សម្តេចតេជោសែនអំពាវនាវថែមទៀតការចុះជួយពលរដ្ឋ


Water Supply 04 05 16 2 copy

     សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវបន្ថែមទៀតក្នុងហ្វេសប៊ុកនៅថ្ងៃទី៣ ខែឧសភានេះ ក្នុងការជម្រុញការយកចិត្តទុកដាក់ចាត់វិធានការណ៍ ជួយប្រជាពលរដ្ឋដែលខ្លះរងការខ្វះទឹក និងខ្លះទៀតបានរងគ្រោះនឹងភ្លៀងធ្លាក់បង្កខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ។

     សម្តេចបានមានប្រសាសន៍នៅថ្ងៃទី៣ ខែឧសភានេះថា ជួយគ្នាក្នុងគ្រាក្រ ជាពិសេសក្នុងពេលដែលប្រជាពលរដ្ឋអត់ទឹកទទួលទាន ដែលជាការបង្ហាញឱ្យឃើញច្បាស់នូវក្តីស្រឡាញ់ ចំពោះគ្នាទៅវិញទៅមក ក្នុងនាមជាតិសាសន៍ខ្មែរតែមួយ ។

     កម្ពុជា ក៏ដូចជាប្រទេសជាច្រើនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានរងនឹងបាតុភូតកម្តៅ El Nino ដ៏ខ្លាំងមួយ ដែលមិនធា្លប់មានទេក្នុងរយៈពេល ១៣៦ឆ្នាំកន្លងមកនេះ ។ បាតុភូតដ៏ក្តៅនេះហើយ បានធ្វើអោយប្រភពបឹងស្ទឹងខ្លះក្នុងប្រទេសកម្ពុជា បានរីងហួត និងបានក្លាយជាចំណោទទឹកយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋតាមបណ្តាខេត្តមួយចំនួន ។ បើទោះបីជាមានភ្លៀងធ្លាក់ខ្លះយ៉ាងណាក៏ដោយក្នុងសប្តាហ៍នេះ យុទ្ធនាការចែកចាយទឹកទូទាំងប្រទេសត្រូវគេឃើញនៅតែបន្តដើម្បីជួយប្រជាពលរដ្ឋ ។

     សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅថ្ងៃនេះទៀតថា នៅពេលនេះកង្វះខាតទឹកនៅតែជាបញ្ហាចោទនៅឡើយ ទាំងនៅតាមផ្ទះប្រជាពលរដ្ឋ និងតាមសាលារៀនមួយចំនួន ។ សម្តេចបានបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ច សូមយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ ជាពិសេសចំពោះស្រ្តីមេម៉ាយ កុមារកំព្រា ជនចាស់ជរា និងជនពិការ ដែលត្រូវការទឹកទទួលទានចាំបាច់បំផុត ។ សម្តេចបានស្នើពិនិត្យតាមសាលារៀនដែលត្រូវការទឹកសម្រាប់កូនសិស្សទទួល ទានផងដែរ ។

     សម្តេចបានមានប្រសាសន៍កត់សម្គាល់ការភ្លៀងធ្លាក់ប៉ុន្មានថ្ងៃនេះ ដែលបាននាំទឹកតិចច្រើនតាមកន្លែងមួយចំនួន ។ នៅជាមួយនឹងភ្លៀងធ្លាក់នេះទៀត ខ្យល់កន្ត្រាក់ ក៏បានបង្កការខូចខាតដល់ផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួនផងដែរ ។ សម្តេចបានបញ្ជាទៅអាជ្ញាធរ សូមជួយប្រជាពលរដ្ឋដែលត្រូវការជំនួយសង្រ្គោះបន្ទាន់មួយចំនួន ដែលរងការខូចខាតផ្ទះសម្បែងដោយសារខ្យល់ព្យុះ និងខ្យល់កន្ត្រាក់កាលពីពេលថ្មីៗនេះផងដែរ ។