លោកជំទាវឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្តព្រះពុទ្ធមណ្ឌលគិរី


ព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ លោកជំទាវឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្រ្ដី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបញ្ចុះខណ្ឌសីមាព្រះវិហារវត្តព្រះពុទ្ធមណ្ឌលគិរី (ហៅវត្តលើ) ដែលស្ថិតនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែមានមនោសញ្ចេតនាស្រលាញ់រាប់អាន និងរួមសុខទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។ លោកជំទាវបានបន្តទៀតថា ក្រោមការអនុវត្តនូវគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវិធានការជាច្រើនក្នុងកិច្ចធ្វើឲ្យប្រសើរឡើងនូវ មនុស្ស ផ្លូវ ទឹក ភ្លើង ដែលបានធ្វើឲ្យវិស័យអាណាចក្រ វិស័យពុទ្ធចក្របានរស់ឡើងវិញដែលអនុញ្ញាតិឲ្យយើងទាំងអស់គ្នាមានសិទ្ធិ និងសេរីភាពគ្រប់បែបយ៉ាងផងដែរក្នុងការធ្វើបុណ្យគ្រប់បែបយ៉ាង ។ ចំពោះសមិទ្ធិផលថ្មីនៅថ្ងៃនេះ គឺជាការបង្ហាញអំពីការសាមគ្គី ភាពគ្នា និងបានបង្ហាញអំពីការរីកចម្រើន និងការអភិឌ្ឍន៍របស់ខេត្តមណ្ឌលគិរីផងដែរ។

លោកជំទាវក៏បានអំពាវនាវឲ្យបងប្អូនទាំងអស់គ្នាត្រូវចូលរួមថែរក្សាសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ចូលរួមទប់ស្កាត់នូវការវិលត្រលប់មកវិញបដិវត្តន៍ព័ណ៌ មិនត្រូវជឿតាមការញ៉ោះញ៉ុងរបស់គណបក្ស ប្រឆាំង ឬពួកអគតិមួយចំនួនដែលចូលចិត្តបំផ្លៃការពិត និងតែងតែរារាំង ដល់ការអភិវឌ្ឍន៍របស់ប្រទេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងចូលរួមថែរក្សាសមិទ្ធិផលនៅទីនេះឲ្យបានល្អប្រសើរសម្រាប់ទុកជាទីកន្លែងសក្ការៈ៕