មហាអំណាចចិន និងមហាសេដ្ឋកិច្ចជប៉ុន បន្ដទម្លាក់លុយដល់កម្ពុជាជាង៣៥លានដុល្លារ គ្រាដែលអាមេរិក និងអឺរ៉ុបគំរាមកាត់ជំនួយតាមការញុះញង់របស់ក្រុមប្រឆាំងក្រៅច្បាប់


ស្របពេលដែលប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក និងអឺរ៉ុប ​កំពុងតែគំរាមកាត់ផ្ដាច់ជំនួយពីកម្ពុជា ពាក់ព័ន្ធការអនុវត្តច្បាប់លើក្រុមក្បត់ជាតិនោះ តែសម្រាប់មហាអំណាចចិន និងមហាសេដ្ឋកិច្ច​ជប៉ុន នៅបន្ដ​ទម្លាក់លុយជាបន្តបន្ទាប់ឱ្យកម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ និងពង្រឹ​ងសេដ្ឋកិច្ចរបស់ខ្លួនដដែល។ ការទម្លាក់លុយជាបន្ដបន្ទាប់របស់ប្រទេសអ្នកមានលើលោកទាំង២នេះ ត្រូវបានធ្វើឡើងក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ ដោយលុយទាំងនោះសរុបជាង​៣៥លានដុល្លារអាមេរិក ដើម្បីបន្ដគម្រោងអភិវឌ្ឍន៍លើវិស័យផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។

ការបន្ដទម្លាក់លុយប្រមាណ៣៥លានដុល្លារ របស់ប្រទេសចិន និងជប៉ុន ត្រូវបានលោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ចាត់ទុកថា ជាការផ្ដល់នូវទំនុកចិត្តបន្ថែមទៀត​ដល់កម្ពុជា បើទោះបីមានប្រទេសមួយចំនួន កំពុងគំរាមកាត់ផ្ដាច់ជំនួយយ៉ាងណាក្ដី។