លោកជំទាវ មិថុនា ភូថង អញ្ជើញបញ្ចុះបឋមសីលា សាងសង់អាគាររដ្ឋបាលឃុំត្រពាំងរូង ក្នុងស្រុកកោះកុង


ខេត្តកោះកុង : ព្រឹក ថ្ងៃព្រហស្បតិ៍ ៤ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង អញ្ជើញបញ្ចុះបឋមសីលា សាងសង់អាគាររដ្ឋបាលឃុំត្រពាំងរូង ក្នុងស្រុកកោះកុង ដោយមានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាល អភិបាលស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ឋនានា ព្រមទាំងក្រុមប្រឹក្សាឃុំ ។
នាឱកាសនោះលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានបញ្ជាក់ថា ការអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ឋពិតមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយជុំរុញកំណើនសេដ្ឋកិច្ចជាតិ និងជួយកាត់ បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋផងដែរ។ ជាក់ស្តែងសាលាឃុំ ឆ្នាំ២០១៧ ខេត្តកោះកុង ទទួលបាន ៣ ក្នុងនោះមានឃុំពាមក្រសោប ឃុំតាតៃក្រោម និងឃុំត្រពាំងរូង នាពេលនេះ ជាការសាងសង់សម្រាប់បងប្អូនទាំងអស់គ្នា សម្រាប់បម្រើសេវារដ្ឋបាល ជូនបងប្អូនអោយកាន់តែងាយស្រួល និងឆាប់រហ័សផងដែរ។ ពីមុនការទំនាក់ទំនង រវាងប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំ មានការលំបាក ព្រោះកន្លែងធ្វើការបណ្តោះអាសន្ន មានភាពតូចចង្អៀត និងទ្រុឌទ្រោម និងតម្រូវអោយមានកន្លែងធ្វើការអោយបានសមរម្យ ងាយស្រួលទំនាក់ទំនង និងមានស្តង់ដារ។ ទន្ទឹមនេះដែរ ខ្ញុំសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលនៅទីនេះ មេត្តាជួយថែរក្សានូវសមិទ្ឋិផលនេះ អោយបានគង់វង្ស ទុកជាប្រយោជន៍ សាធារណៈរបស់រដ្ឋ និងទុកជារបស់បងប្អូនផ្ទាល់ផង ព្រមទាំងជួយថែរក្សា អនាម័យ បរិស្ថាន អោយបានកាន់តែល្អប្រសើរថែមទៀត។