ពិធីចុះហត្ថលេខារវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Shanghai Jingge Technology Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន


រាជធានីភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជាមួយដំណាងក្រុមហ៊ុន Shanghai Jingge Technology Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។

កិច្ចព្រមព្រៀងនេះមានតម្លៃជាទឹកប្រាក់ចំនួន ៥០លានដុល្លារអាមេរិក ក្នុងគោលដៅផ្លាស់ប្ដូរបទពិសោធន៍ ដើម្បីធ្វើឱ្យប្រសើរឡើងនូវចំណេះដឹង បង្កើនគុណវុឌ្ឍិគ្រូបង្រៀន សិស្ស រួមជាមួយគុណភាពបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ វិធីសាស្ត្របង្រៀន និងរៀនដោយប្រើប្រាស់បច្ចេកវិទ្យា Online, 3D Touch screen ITC នៅកម្រិតមធ្យមសិក្សាទុតិយភូមិ ឈរលើមូលដ្ឋានសិក្សាទ្រឹស្ដី ប្រតិបត្តិ និងកម្មវិធីសិក្សាផ្លាស់ប្ដូរបទពិសោធន៍នៅតាមបណ្ដាក្រុមហ៊ុន សហគ្រាស កសិដ្ឋាន សិប្បកម្ម ឧស្សាហកម្ម នៃសាធារណរដ្ឋប្រជាមានិតចិនទាំងក្នុង និងក្រៅប្រទេស៕