ក្រសួងបរិស្ថានពង្រឹងការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូពាក់ព័ន្ធលើការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងខេត្តមួយចំនួន


នៅថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថាន មានបើកកិច្ចប្រជុំរវាងក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធដើម្បីពិភាក្សានិងដោះស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងការងារគ្រប់គ្រង ការពារ​ និងអភិរក្សធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តមួយចំនួន។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា តាមរយ:ការសហការជាមួយក្រសួង​ ស្ថាប័ន​ រដ្ឋបាលថ្នាក់ក្រោមជាតិ​ និងដៃគូពាក់ព័ន្ធ​ ក្រសួងបរិស្ថានបាននិងកំពុងខិតខំជំរុញការអនុវត្តស្មារតីសារាចរណែនាំលេខ ០៥ ស្តីពី​​វិធានការ​ចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ​ ហើយឯកឧត្តមបានស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចាត់វិធានការចាំបាច់នានា​ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយកំពុងកើតមានឡើងនៅក្នុងតំបន់ការពារធម្មជាតិ សំដៅធានាប្រសិទ្ធភាពនៃការការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំឱ្យអ្នកពាក់ព័ន្ឋទាំងអស់យកចិត្តទុកដាក់ពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការល្អជាមួយដៃគូពាក់ព័ន្ធ ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិឱ្យបានល្អប្រសើរស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលសម្រាប់វិស័យបរិស្ថាននិងធនធានធម្មជាតិ។ សូមបញ្ជាក់ថា កិច្ចប្រជុំនៅក្នុងថ្ងៃនេះ ដំណើការក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ឋ និងអាជ្ញាធរខេត្តកែប តាកែវ កោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ៕