ឯកឧត្តម វេង សាខុន អញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិការស្តីពីវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ


នៅសណ្ឋាគារភ្នំពេញ កាលពីព្រឹកថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីវេទិការស្តីពីវិស័យកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដោយមានការអញ្ចើញចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវដែលជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអភិបាល និងអភិបាលរងខេត្ត ឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំស្ថាប័នជំនាញក្រោមឱវាទក្រសួង មន្រ្តីរាជការ ភ្ញៀវជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន និងក្រសួងឬស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។ វេទិកានេះមានគោលបំណងសំខាន់ៗគឺទី១-ពិនិត្យលទ្ធផលលើការអនុវត្តគោល នយោបាយ និងជំរុញការអនុវត្ត «យុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣» និង «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៤-២០១៨» ដែលបានផ្តល់អាទិភាព និងមានតួនាទីសំខាន់ឲ្យវិស័យកសិកម្មក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ទាំងនៅពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត ទី២- ធ្វើការពិភាក្សានិងស្វែងយល់អំពីការអភិវឌ្ឍវិស័យកសិកម្ម ផ្តល់ឱកាសឲ្យអ្នកជំនាញ ស្ថាប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជន អង្គការសង្គមស៊ីវិល តំណាងសមាគម សហគមន៍ទាំងអស់ មកចូលរួមរួចលើកយកបញ្ហាប្រឈមនានាដែលបានជួបប្រទះនិងពិភាក្សាគ្នាឱ្យបានស៊ីជម្រៅសំដៅដោះស្រាយបញ្ហាទាំងអស់នោះឱ្យបានល្អប្រសើរ សម្រាប់ជាចក្ខុវិស័យក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យទទួលបានជោគជ័យ។

ចក្ខុវិស័យរបស់រាជរដ្ឋាភិ បាលគឺការធ្វើទំនើបកម្មវិស័យកសិកម្ម ដោយប្រែក្លាយពីដំណាក់កាលអភិវឌ្ឍតាមបែបវិបុល វប្បកម្ម និងតាមបែបប្រពៃណី ឈានទៅរកដំណាក់កាលតាមបែបប្រពលវប្បកម្មដោយផ្អែកលើបច្ចេកទេសថ្មីៗ ការស្រាវជ្រាវ ការផ្សព្វផ្សាយ ការធ្វើយន្តូបនីយកម្ម ការបង្កើនសមត្ថភាពស្រោចស្រព ដើម្បីលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មដំណាំ និងកសិផលផ្សេងៗ រួមទាំងការចិញ្ចឹមសត្វនិងវារីវប្បកម្ម ការគ្រប់គ្រងដីធ្លីប្រកបដោយប្រសិទ្ធភាព ព្រមទាំងការធានាចីរភាពបរិស្ថាននិងធនធានធម្មជាតិ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងបន្តអនុវត្តយ៉ាងសកម្មក្នុងកម្មវិធីកំណែទម្រង់ស៊ីជម្រៅវិស័យព្រៃឈើ ជលផលនិងវិស័យដីធ្លីដែលជាមូលដ្ឋានគ្រឹះក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣។

ក្រោយពេលពិភាក្សា ផ្តល់ជាមតិ អនុសាសន៍ និងសំណូមពរល្អៗពីសមាជិកនៃអង្គពិធីយ៉ាងផុលផុសរួចមក វេទិកានេះបានរកឃើញនូវបញ្ហាសំខាន់ៗមួយចំនួនដែលជាឧបសគ្គក្នុងដំណើរការអភិវឌ្ឍវិស័យកសិកម្មទាំងក្នុង ពេលបច្ចុប្បន្ននិងអនាគត ក្នុងនោះរួមមាន៖ (១).ពូជនៅមានតម្លៃខ្ពស់ និងគុណភាពមិនទាន់បានធានា និងឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ (២).ការពុំទាន់បានកំណត់ផែនទីដាំដុះដំណាំកសិកម្មឱ្យបានសមស្របនៅតាមភូមិសាស្ត្រ និងប្រភេទដី នីមួយៗនិងបម្រែបម្រួលអាកាសធាតុ (៣).ការផ្ទេរបច្ចេកទេសដល់កសិករ/សហគមន៍នៅមិនទាន់បានគ្រប់គ្រាន់និងមានប្រសិទ្ធភាព

(៤).ផលិតកម្មក្នុងស្រុកពុំទាន់បានធានាគ្រប់គ្រាន់ទាំងបរិមាណនិងគុណភាពទៅតាមតម្រូវការ (៥).ការលំបាកក្នុងការរកទីផ្សារលក់កសិផល នៅមានចំណុចខ្វះខាតមួយចំនួនក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា បញ្ហាថ្លៃដើមផលិតកម្មនិងកែច្នៃខ្ពស់ (៦).បទល្មើសចលនាសត្វ ការនាំចូលផលិតផលកសិកម្មខុសច្បាប់ បទល្មើសព្រៃឈើ ជលផល ទំនាស់ដីធ្លី ការហ៊ុមព័ទ្ធដីព្រៃឈើធ្វើជាកម្មសិទ្ធិ ដោយខុសច្បាប់ កង្វះធនធានមនុស្ស និងថវិកាសម្រាប់គាំទ្រផ្នែកគោលនយោបាយ និងបច្ចេកទេស ការផ្តល់កិច្ចសហការនិងការសម្របសម្រួលយន្តការស្ថាប័ននៅមានកម្រិត (៧).ការជំរុញការអភិវឌ្ឍតាមវិស័យសម្រាប់គាំទ្រដល់សកម្មភាពឧស្សាហកម្មកែច្នៃនៅមានល្បឿនយឺត (៨).មិនទាន់មានគោលនយោបាលខ្ចីទុនវិនិយោគពីធនាគារ មីក្រូហិរញ្ញវត្ថុ ឬឥណទានជនបទសម្រាប់វិស័យកសិកម្មក្នុងកម្រិតការប្រាក់ទាប។

ឆ្លើយតបទៅនិងបញ្ហានិងសំណូមពរដែលបានលើកឡើងពីសមាជិករបស់អង្គពិធីឯកឧត្តមរដ្ឋមន្រ្តីនិងថ្នាក់ដឹកនាំក្រសួងបានផ្តល់ជាអនុសាសន៍និងដោះស្រាយបញ្ហាជូនអង្គពិធីដូចខាងក្រោម៖

ទី១- ចំពោះការនាំចូលសត្វ ផលិតផលសត្វខុសច្បាប់៖ ឯកឧត្តមរដ្ឋមន្ត្រីស្នើសុំឲ្យសមាគមចិញ្ចឹមសត្វកម្ពុជា បង្កើនសមត្ថភាពក្នុងការចិញ្ចឹមដើម្បីបង្កើនផលិតកម្មទាំងបរិមាណនិងគុណភាពសម្របតាមសេចក្តីត្រូវការទីផ្សារក្នុងនិងក្រៅស្រុក និងធ្វើការប្រកួតប្រជែងជាមួយប្រទេសនាំចេញ។ អគ្គនាយកដ្ឋានផលិតកម្មសត្វនិងសុខភាពសត្វត្រូវបង្កើននិងពង្រឹងការត្រួតពិនិត្យចលនាសត្វ ផលិតផលសត្វឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាព។ ករណីសំណើកាត់បន្ថយពន្ធ អាករ និង VAT លើការនាំចូលវត្ថុធាតុដើម ផលិតកម្មសត្វ ក្រសួងស្នើឲ្យក្រុមហ៊ុនបញ្ជាក់ឲ្យបានច្បាស់ថាតើកម្មវត្ថុអ្វីខ្លះដែលត្រូវស្នើសុំ បន្ទាប់មកក្រសួងនឹងពិនិត្យពិចារណារួចដាក់សំណើជូនប្រមុខរាជរដ្ឋាភិបាលដើម្បីពិនិត្យនិងសម្រេច។

ទី២- ចំពោះការទន្រ្ទានព្រៃឬកាប់ព្រៃសហគមខុសច្បាប់ពីសំណាក់ជនខិលខូច៖ ឯកឧត្តមរដ្ឋមន្ត្រីស្នើសុំឲ្យសហគមន៍ព្រៃឈើធ្វើផែនទីព្រៃសហគមន៍ឲ្យបានច្បាស់លាស់ដែលទទួលស្គាល់ដោយអាជ្ញាធរដែនដី និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដើម្បីងាយស្រួលធ្វើការគ្រប់គ្រង ការពារ អភិរក្ស និងទាញប្រយោជន៍ពីព្រៃឲ្យមាននិរន្តរភាពនិងប្រសិទ្ធភាព។ មន្ទីរក៏ត្រូវបំពេញតួនាទីជាអ្នកផ្សព្វផ្សាយបច្ចេកទេស និងផ្តល់ពូជដល់សហគមដើម្បីបង្កើតមុខរបរបន្ថែមជូនសមាជិកសហគមន៍មានមុខរបរអាចជួយកាត់បន្ថយការពឹងពាក់លើផលនិងអនុផលព្រៃឈើទាំងស្រុង មានមុខរបរមានចំណូលគ្រួសារ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។

ទី៣-ចំពោះបញ្ហាសម្បទានដីសេដ្ឋកិច្ច៖ ក្រសួងស្នើសុំឲ្យក្រុមហ៊ុនទាំងអស់ដែលកំពុងជួបបញ្ហាពីការទន្រ្ទាន កាន់កាប់ដីពីប្រជាពលរដ្ឋ ត្រូវអនុវត្តតាមគោលការណ៍ ឬិវិធានការរបស់ក្រសួងឲ្យមានប្រសិទ្ធភាព ត្រូវសហការជាមួយអាជ្ញាធរដែនដី និងរដ្ឋបាលព្រៃឈើដើម្បីចុះបញ្ជីដី និងធ្វើអនុប្រយោគដីពីដីសាធារណៈរបស់រដ្ឋមកជាដីឯកជនរបស់រដ្ឋ។ ទន្ទឹមនិងនេះក្រុមហ៊ុនត្រូវបង់ថ្លៃសម្បទាន និងសួយសារអាករជូនរដ្ឋឲ្យបានទាន់ពេលវេលា។

ទី៤- ចំពោះបទល្មើសនេសាទ៖ ក្រសួងស្នើសុំឲ្យសមាជិកសហគមន៍សហការជាមួយអាជ្ញាធរដែនដីនិងរដ្ឋបាលជលផលចាត់វិធានការទប់ស្កាត់បទល្មើសនេសាទឲ្យមានប្រសិទ្ធភាព។ រដ្ឋបាលជលផលត្រូវធ្វើការផ្សព្វផ្សាយឯកសារគតិយុទ្ធដែលមានស្រាប់ទាក់ទងនិងវិស័យជលផល បណ្តុះបណ្តាលបច្ចេកទេស ក្នុងបំណងទប់ស្កាត់បទល្មើសនេសាទ ការពារនិងអភិរក្សធនធានមច្ចជាតិ។ រដ្ឋបាលជលផលត្រូវជំរុញឲ្យប្រជាសហគមន៍សិក្សាពីលទ្ធភាពធ្វើវារីវប្បកម្ម ដើម្បីកាត់បន្ថយពីការនេសាទ ទៅការចិញ្ចឹម៕