ឯកឧត្តម ខូយ សុខា និងឯកឧត្តម ម៉ៅ ធនិន ដឹកនាំប្រតិភូ គោរពវិញ្ញាណក្ខន្ធសព លោក សុទ្ធ តារា ប្រធានក្រុមប្រឹក្សាស្រុកក្រគរ


ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ បានដឹកនាំប្រតិភូ គោរពវិញ្ញាណក្ខន្ធសព លោក សុទ្ធ តារា ប្រធានក្រុមប្រឹក្សាស្រុកក្រគរ ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ០៤ និង៤៥នាទីល្ងាច ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ ក្នុងជន្មាយុ៦៧ឆ្នាំ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក KIA របស់ក្រុមហ៊ុន Capitol ដឹកអ្នកដំណើរ បានបុកជាមួយរថយន្តម៉ាក Toyota Corola របស់លោក រួចរេចង្កូតទៅបុករះចំទ្រូងរថយន្តម៉ាក HYUNDAI សណ្តោងកុងតឺន័រ ដែលមានចំនួនអ្នកស្លាប់កើនឡើងដល់៦នាក់ ខណៈអ្នករងរបួសធ្ងន់ចំនួន៥នាក់។

ក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព នៅគេហដ្ឋានស្ថិតក្នុងភូមិផ្សារ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ សុខា និងឯកឧត្តម ម៉ៅ ធនិន ព្រមទាំងអ្នករួមដំណើរទាំងអស់ បានសម្តែងនូវក្តីក្រៀមក្រម ក្តុកក្តួលរំជួលចិត្ត សោកស្តាយក្រៃលែង ចំពោះការបាត់បង់ លោក សុទ្ធ តារា ដែលជាការបាត់បង់នូវឳពុកជាទីស្រលាញ់ និងបាត់បង់ជីតាជាទីគោរព ដែលប្រកបដោយកតញ្ញូតាធម៌ និងភក្តីភាព ចំពោះក្រុមគ្រួសារ។ ថ្នាក់ដឹកទាំង២បានចាត់ទុកថា ការបាត់បង់នូវបុគ្គលដ៏ឆ្នើមមួយរូប ធ្លាប់បានតស៊ូយ៉ាងស្វិតស្វាញ ដោយលះបង់កម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីបុព្វហេតុជាតិ មាតុភូមិ រហូតដល់រូបលោកបានលាចាកលោកយើងនេះទៅ គួរឲ្យសោកស្តាយជាទីបំផុត។

នាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ បានប្រគល់សារលិខិតរំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារសព និងបានឧបត្ថម្ភថវិកា ចំនួន២លានរៀល ទុកចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ៕