រដ្ឋបាលខេត្តសៀមរាប បានបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី


នារសៀលថ្ងៃសុក្រ ០៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៨ នៅរដ្ឋបាលខេត្តសៀមរាប មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និង​ឯកឧត្តម ស៊ូ នី សមាជិកក្រុមប្រឹក្សាខេត្ត ។

អង្គសន្និបាតនេះ ដែលបានប្រព្រឹត្តទៅអស់រយៈពេញមួយថ្ងៃ ក្នុងនោះលទ្ធផលទទួលបានគឺ (១) អង្គសន្និបាតបានគាំទ្រលទ្ធផលបូកសរុបការងារឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨ ទាំងស្រុង (២)អនុវត្តនិងពង្រឹងប្រសិទ្ធភាព គុណភាព សេវាសុយោដី និងសំណង់ជូនប្រជាពលរដ្ឋ ជាពិសេសអនុវត្តតាមអភិក្រមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល «ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព» (៣)ផ្សព្វផ្សាយឯកសារគតិយុត្តពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ក្រសួងឲ្យទូលំទូលាយដល់ប្រជាពលរដ្ឋ (៤)សហការជាមួយមន្ទីរពាក់ព័ន្ធ និងក្រសួងរៀបចំកសាងប្លង់គោលប្រើប្រាស់ដី (៥)ពន្លឿនការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ (៦)ជម្រុញបន្ថែមទៀតដើម្បីបញ្ចប់ការងារនីតិវិធីក្នុងការចុះបញ្ជីដីធ្លី (៧)ជម្រុញការធ្វើបច្ចុប្បន្នភាព ការតាំងទីលំនៅរបស់គ្រួសារអ្នកទទួលដីក្នុងទីតាំងដីសម្បទាដីសង្គមកិច្ចជូនអតីតយុទ្ធជន និងគ្រួសារ (៨)ជម្រុញចុះបញ្ជីដីធ្លី (៩)ជម្រុញការដោះស្រាយវិវាទដីធ្លី (១០)ជម្រុញការចុះបញ្ជីដីវត្តតាមក្រុង-ស្រុក ក្នុងខេត្ត។

លោក លី សំរិទ្ធ អភិបាលរងខេត្ត បានធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរ ដែលបានអនុវត្តការងារក្នុងឆ្នាំ២០១៧ សម្រេចបានលទ្ធផលល្អជាទីមោទនៈ។ ជាមួយគ្នានេះ លោក បានជម្រុញ និងធ្វើការផ្ដាំផ្ញើរដល់អស់លោក ប្រធាន និងអនុប្រធានមន្ទីរ រួមទាំងមន្រ្ដីជំនាញក្នុងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ឲ្យខិតខំអនុវត្តធ្វើការសម្របសម្រួលបម្រើប្រជាពលរដ្ឋ ក្នុងការចុះបញ្ជីដីធ្លី ការដោះស្រាយទំនាស់ដីធ្លី ដែលនៅសេសសល់ ដោយបង្ហាញភាពមិនលំអៀង មានតម្លាភាព រួមទាំងមានការទទួលខុសត្រូវខ្ពស់ក្នុងការផ្សព្វផ្សាយ និងការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយផងដែរ៕