អភិបាលខេត្តកំពង់ឆ្នាំងនិងសហការីបានអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភជូនកម្មការីនី សំរាលកូនចំនួន ៥ នាក់


កំពង់់ឆ្នាំង ៖ នៅរសៀលថ្ងៃពុធ ៩រោច ខែបុស្ស នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោកជំទាវ ប៉ាល់ យឿន អភិបាលរងខេត្ត លោក លោកស្រីប្រធានអង្គភាពជុំវិញខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភជូនកម្មការីនី សំរាលកូនចំនួន ៥ នាក់ ដែលកំពុងសំរាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

ក្នុងឱកាសនោះឯកឧត្តម ឈួរ ច័ន្ទឌឿន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីជោ ហ៊ុន សែន ដែលកន្លងមកសម្តេចតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងដែលជួបការលំបាកជាពិសេសថ្មីៗនេះសម្តេចបានគិតគូពីសុខទុក្ខ របស់កម្មករកម្មការីនី ដោយផ្តល់នៅប្រាក់សោធន៍និវត្ត ការព្យាបាលជំងឺមិនបង់ប្រាក់ ការធ្វើដំណើរមិនបង់ប្រាក់ និងឧបត្ថម្ភប្រាក់សំរាលកូនដល់កម្មការីនីកូនមួយឧបត្ថម្ភចំនួន ៤០០.០០០រៀល កូនពីចំនួន ៨០០.០០០រៀល និងកូនបីចំនួន ១.២០០.០០០រៀល និងអត្ថប្រយោជន៍ផ្សេងៗទៀត ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ។

ឯកឧត្តមឈួរ ច័ន្ទឌឿនក៏បានផ្តាំផ្ញើដល់កម្មការីនីទាំង៥នាក់អោយខិតខំថែទាំសុខភាពដោយអនុវត្តតាមវេជ្ជបញ្ជារបស់លោកគ្រូពេទ្យអោយទៀងទាត់ឆាប់បានទៅបំពេញការងារវិញជាពិសេសថែទាំទារកដោយផ្តល់អាហារគ្រប់គ្រាន់ដើម្បីអោយកូនមានសុខភាពរឹងម៉ាំ។

ចុងបញ្ចប់ឯកឧត្តមក៏បានប្រគល់ថវិការបស់សម្តេចតេជោហ៊ុនសែនដល់កម្មការីនីទាំង៥នាក់ក្នុងម្នាក់ៗ៤០ម៉ឺនរៀលហើយឯកឧត្តមក៏បានឧបត្ថម្ភថវិកាក្នុងម្នាក់ៗ៥ម៉ឺនរៀលផងដែរ។