ឯកឧត្តម ម៉ៅ ធនិន ពន្លឿនការខួងអណ្តូងទឹក ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា


ពោធិ៍សាត់ ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយ ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត  នៅព្រឹកថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៦នេះ បានដឹកនាំមន្ទីរជំនាញ អញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និង ពិនិត្យមើលទីតាំងកំពុងខួងអណ្តូងស្នប់ ទាំង ១៤កន្លែង ក្នុងស្រុកកណ្តៀង និង ស្រុកបាកាន ដើម្បីពន្លឿនឲ្យប្រជាពលរដ្ឋ បានប្រើប្រាស់ទឹកទាន់ពេលវេលា ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ក្នុងការដោះស្រាយលទ្ធភាពទឹកប្រើប្រាស់ ទាំងអ្នកដែលរស់នៅជនបទ និង រស់នៅឆ្ងាយពីប្រភពទឹក ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថា ទោះបីជាពេលនេះ តំបន់មួយចំនួនក្នុងខេត្តពោធិ៍សាត់ មានភ្លៀងធ្លាក់រាយប៉ាយក៏ដោយ ក៏តម្រូវការប្រើប្រាស់ទឹក របស់ប្រជាពលរដ្ឋ នៅតែជាបញ្ហាប្រឈម ។ នាពេលថ្មីៗនេះ អាជ្ញាធរខេត្តបានជួយដោះស្រាយការលំបាកជាច្រើន ជូនប្រជាពលរដ្ឋ ដូចជាការចែក និង ផ្តល់ទឹកប្រើប្រាស់ ព្រមទាំងបានផ្តល់ស្រះទឹក និង អណ្តូង ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាច្រើនទីតាំង ក្នុងឃុំសង្កាត់ ស្រុកក្រុងទូទាំងខេត្ត បានទាន់ពេលធ្វើយ៉ាងណាមិនឲ្យប្រជាពលរដ្ឋជួបបញ្ហាកង្វះខាតទឹកធ្ងន់ធ្ងរឡើយ ។ ឯកឧត្តមអភិបាលខេត្ត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូ ពីសុខទុក្ខប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស ។ ឯកឧត្តមអភិបាលខេត្តបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះថ្នាក់ផ្សេងៗជាយថាហេតុរួមទាំងរន្ទះ អគ្គីភ័យ និង ការបាក់លំនៅដ្ឋាន ដោយសារខ្យល់កន្ត្រាក់ និង ខ្យល់ព្យុះ ហើយសូមទទួលទានទឹកមានអនាម័យ ដើម្បីចៀសវាងជំងឺដង្កាត់ផ្សេងៗ ។
ជាទម្លាប់ ឯកឧត្តម ម៉ៅ ធនិន បានចែកជូន វត្ថុកំដរដៃ ទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលចូលរួមទាំង ១៤ទីតាំង ជាសារុង ម្នាក់១ផងដែរ ។
ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ម៉ៅ ធនិន បានបន្តចុះពិនិត្យមើលការដ្ឋានស្ថាបនា ផ្លូវលំក្រាលគ្រួសក្រហម ១ខ្សែ ប្រវែងជាង ៧គីឡូម៉ែត្រ តភ្ជាប់ពីឃុំស្រែស្តុក ទៅឃុំរាំងទិល ស្រុកកណ្តៀង ដែលចាប់ផ្តើមសាងសង់តាំងពីចុងឆ្នាំ ២០១៥ រហូតមកដល់ពេលនេះស្ថាបនាបានជិត ៨០% និង បានផ្តល់អនុសាសន៍មួយចំនួន ដល់ក្រុមហ៊ុនទទួលម៉ៅការស្ថាបនា ធ្វើយ៉ាងណាអនុវត្តឲ្យបានល្អ ពោលគឺទាមទាយកគុណភាព និង ប្រើប្រាស់បានយូរអង្វែង ។
គួរបញ្ជាក់ថា បើទោះបីទីតាំងផ្លូវលំនេះ ស្ថិតនៅក្នុងតំបន់៣ អភិរក្សមច្ឆាជាតិ និង ការពារព្រៃលិចទឹក របស់រាជរដ្ឋាភិបាលក៏ពិតមែន ផ្អែកលើការលំបាករបស់ប្រជាពលរដ្ឋកន្លងមក គឺបញ្ហាធ្វើដំណើរ ដឹកជញ្ជូនកសិផល ពិសេសពេលបញ្ជូនអ្នកជំងឺ និង ស្ត្រីឆ្លងទន្លេដោយសារគ្មានផ្លូវចេញចូល បើនៅរដូវប្រាំង ធ្វើដំណើរតាមរទេះកាត់តំបន់ព្រៃរនាម និង រដូវវស្សាតាមកាណូត ទូក ប្រឈមនឹងគ្រោះថ្នាក់គ្រប់បែបយ៉ាងផងនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចារឯកភាពសាងសង់ផ្លូវនេះឡើង កាលពី ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៤ និង បានដាក់ឲ្យដេញថ្លៃ នៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៥ មាន ៩ក្រុមហ៊ុន ក្នុងនោះអ្នកទទួលបាន គឺក្រុមហ៊ុន គឹម ពៅ មានតម្លៃ ២៥១លានរៀល ជាថវិកាមូលនីធិឃុំ សម្រាប់ស្ថាបនាផ្លូវ ប្រវែង ៧.៣០៣ម៉ែត្រ និង ដាក់លូ ២កន្លែង អមដោយផ្លូវទូកសងខាង ៕
Mao Tornin 11-5-2016 (6)

Mao Tornin 11-5-2016 (5)

Mao Tornin 11-5-2016 (9)

Mao Tornin 11-5-2016 (1)

Mao Tornin 11-5-2016 (2)

Mao Tornin 11-5-2016 (4)