ឯកឧត្តមវេង សាខុនបាន បន្តដំណើរទៅសួរសុខទុក្ខសមាជិកសហគមន៍ព្រៃឈើង្លាវក្រាច់


បន្ទាប់ពីបានអញ្ជើញចុះទៅពិនិត្យសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័ញ ស្តុក ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបាន បន្តដំណើរទៅសួរសុខទុក្ខសមាជិកសហគមន៍ព្រៃឈើង្លាវក្រាច់ នៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ។ សហគមន៍ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ មានផ្ទៃដីព្រៃឈើសហគមន៍ចំនួន ២២៨១ ហត។ កន្លងមកសមាជិក សហគមប៍បានទទួលការបណ្តុះបណ្តាលពីគម្រោង ITTO និងគម្រោងស្តីពីរបៀងអភិរក្សជីវចម្រុះមហាអនុតំបន់មេគង្គដែលទទួលបានថវិកាគាំទ្រពី ADB លើជំនាញចិញ្ចឹមសត្វ ការដាំបន្លែ ការបណ្តុះនិងដាំកូនឈើ ការសាងសង់ស្នាក់ការ សហគមន៍ សង់បង្គន់អនាម័យ ឧបករណ៍សូឡា ៦ គ្រឿង អណ្តូងទឹកចំនួន ១៣ បង្កើតក្រុមសន្សំប្រាក់ និងបានផ្តល់កូនឈើហូបផ្លែមួយចំនួនទៀតផង។ មានមតិសំណេះសំណាលនាពេលនោះ ឯកឧត្តមរដ្ឋមន្រ្តីបានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រឹត្តគតិបណ្ឌិតប៉ុន រ៉ានីហ៊ុន សែន ដែលលោក ទាំងពីរតែងតែគិតគូ និងខ្វល់ខ្វាយពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប សុខទុក្ខ របស់បងប្អូនក៏ដូចជាសុខទុក្ខរបស់សម្តេច។ ឯកឧត្តមបានបន្តជម្រាបជូនសមាជិកសមាជិការសហគមន៍បានជ្រាបថា សមិទ្ធផលរបស់រដ្ឋាភិបាលដូចជាស្ពាន ផ្លូវ មន្ទីរពេទ្យ សាលារៀន វត្តអារាម។ល។ មិនមែនកើតឡើងដោយចៃដន្យ ឬនរណាម្នាក់ទេ តែសមិទ្ធផលទាំងអស់នោះកើតឡើងដោយសារការខិតខំប្រឹងប្រែងយ៉ាងអស់កំលាំងចិត្ត កំលាំងកាយរបស់ រាជដ្ឋាភិបាលស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ។ ដូច្នេះសូមបងប្អូនមេត្តាជួុយថែរក្សាឲ្យបានគង់វង្សយូអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ។ ទាក់ទងនិងព្រៃឈើសហគមន៍ លោកសុំឲ្យសមាជិកគ្រប់រូបបន្តចូលរួមថែរក្សា ការពារ និងអភិរក្សឲ្យបានល្អដើម្បីជាប្រយោជន៍តាមរយៈការប្រមូលផល និងអនុផលព្រៃឈើសម្រាប់ដោះស្រាយបញ្ហាជីវភាពគ្រួសារផងនិងថែរក្សាព្រៃឈើដែលជាសម្បត្តិរបស់យើងទាំងអស់គ្នា។ ដោយសារសេដ្ឋកិច្ចជាតិមានការវិវឌ្ឍ សេចក្តីត្រូវការក្នុងគ្រួសារចេះតែកើន សមាជិកក្នុងគ្រួសារក៏កាន់តែ ច្រើន ហេតុនេះចំណូលដែលបានពីព្រៃឈើសហគមន៍មិនអាចធានានូវនិរន្តរភាពស្បៀងក្នុងគ្រួសារបានទេ ដំណោះស្រាយចំពោះមុខទាំងមន្ទីរ និងរដ្ឋបាលព្រៃឈើត្រូវចុះមកធ្វើការផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមសត្វ ការដាំបន្លែ និងឈើហូបផ្លែ ឬពិនិត្យលទ្ធភាពលើដីអំណោយផលសម្រាប់ដំណាំកសិឧស្សាហកម្ម មានស្វាយចន្ទី ចេក ទំពាំងផ្អែម។ល។ ដោយដាំជាលក្ខណៈគ្រួសារ ឬជាលក្ខណៈ សហគមន៍។ មន្ទីរត្រូវធ្វើការផ្សព្វផ្សាយផងដែរលើការងារច្បាប់សហគមន៍ ការងារបច្ចេកទេសកសិកម្ម ក្នុងបំណងធ្វើការកែប្រែពីទម្លាប់នៃការប្រកបរបរកសិកម្មតាមបែបយថាកម្ម ទៅជាការធ្វើកសិកម្មតាមរបៀបប្រពលវប្បកម្មវិញ វិធីនេះបើទោះបីត្រូវប្រើពេលនិងថវិកាក្តីក៏ត្រូវតែចាប់ផ្តើមដើម្បីធានាបាននូវសន្តិសុខស្បៀង និងកំណើន ប្រាក់ចំណូលក្នុងគ្រួសារ។ គ្រួសារមានប្រាក់ចំណូល នោះពួកគាត់នឹងវិវឌ្ឍពីកម្រិតជីវភាពក្រីក្រ មកជីវភាពមធ្យមកម្រិតទាប និងឈានទៅកាន់ជីវភាពមធ្យមកម្រិតខ្ពស់ ដូចដែលរាជរដ្ឋាភិបានប្រាថ្នាចង់បាននៅឆ្នាំ ២០៣០។ នាឱកាសនេះដែរឯកឧត្តមរដ្ឋមន្រ្តីបានជួយឧបត្ថម្ភថវិកាចំនួន២ លានរៀនជូនដល់សហគមន៍ផងដែរ។