សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីបានបង្កើត«មូលនិធិស៊ីក្លូ» បន្តបង្កើត​ «មូលនិធិគន្ឋបុប្ផាកម្ពុជា» និង «មូលនិធិទ្រទ្រង់មនុស្សចាស់»


(ភ្នំពេញ)៖ ថ្មីៗនេះយើងបានបង្កើត មូលនិធិស៊ីក្លូដើម្បីជួយលើកស្ទួយជីវិតនិងជីវភាពរស់នៅរបស់បងប្អូនអ្នកធាក់ស៊ីក្លូឲ្យកាន់តែប្រសើរឡើង ដោយមានការឧបត្ថម្ភថវិកាសម្រាប់បាយទឹក និងថ្លៃស្នាក់នៅប្រចាំថ្ងៃ ព្រមទាំងសេវាថែទាំនិងព្យាបាលដោយឥតគិតថ្លៃទៀតផង។ នេះជាប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះទៀតថា «នៅខាងមុខនេះ យើងនឹងបង្កើត “មូលនិធិគន្ឋបុប្ផាកម្ពុជា” ដើម្បីស្វែងរកមូលនិធិបន្ថែមជួយដល់មន្ទីរពេទ្យគន្ឋបុប្ផា។ មូលនិធិថ្មីនេះ គឺមិនមែនលុបបំបាត់មូលនិធិ លោក Beat Richner មុនទេ។

«នៅថ្ងៃនេះ ខ្ញុំសប្បាយរីករាយយល់ព្រមធ្វើជាប្រធានកិត្តិយសនៃ “មូលនិធិទ្រទ្រង់មនុស្សចាស់” ដែលបានរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ឋជន និងយុវនីតិសម្បទា ដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅរបស់មនុស្សវ័យចាស់នៅក្នុងប្រទេសកម្ពុជា។

«សូមអរគុណម្ចាស់មូលនិធិ ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនឯកជន និងសប្បុរជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភវិភាគទានដើម្បីសង្គមជាតិយើងរីកចម្រើន»។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ក្នុងឱកាសអញ្ជើញប្រកាសផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពី មនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បត៍ ២កើត ខែមាឃ ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨។

“គោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់ ឆ្នាំ២០១៧- ២០៣០” ត្រូវបានរៀបចំឡើងស្របតាមយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៣ នៃផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ក្នុងទិសដៅអភិវឌ្ឍន៍ និងជំរុញប្រព័ន្ធសុខុមាល ភាពមនុស្សចាស់ឲ្យមានលក្ខណៈប្រមូលផ្ដុំ និងមានសង្គតិភាពទៅនឹងគោលនយោបាយនានា ដែលបាននិងកំពុងដាក់ឲ្យអនុវត្ត៕