ឯកឧត្តម សុខ ឥសាន បានលើកឡើងតាមរយៈបណ្តាញទំនាក់ទំនង Telegram ថា ទណ្ឌិត សម រង្សី បានធ្វើនយោបាយបាត់ម្ចាស់ការ


ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន នៅព្រឹកថ្ងៃទី១៨ មករា ឆ្នាំ២០១៨នេះ តាមរយៈបណ្តាញ​ទំនាក់ទំនង Telegram បានលើកឡើងថា ទណ្ឌិត សម រង្សី បានធ្វើនយោបាយបាត់ម្ចាស់ការ ហើយជារឿងគួរឲ្យចង់អស់សំណើចណាស់   ដែលអួត​ខ្លួនថាជាបញ្ញាវ័ន្ត មានសញ្ញាប័ត្រនៅស្រុកបារាំង តែមកធ្វើនយោបាយ​នៅស្រុកខ្មែរ មិនបានស្មើកូនសិស្សលោកផង តើឲ្យប្រជាជនពឹងផ្អែកម៉េចបានទៅ បើធ្វើ នយោបាយ ទៅមុខទៅក្រោយរកប្រាកដប្រជា មិនបានយ៉ាងនេះ នៅទីបំផុតបរាជ័យរហូត ។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់បន្ថែមទៀតថា “អតីតៈបក្សសង្គ្រោះជាតិ ហ្នឹងហើយ សុទ្ធតែ​ជា​ស្នាដៃ របស់ សម រង្សី ។ គោលបំណងបង្កើត ដើម្បីឲ្យវាខ្លាំង តែផ្ទុយទៅវិញ បែរជា​ទទួលបានលទ្ធផលអវិជ្ជមានទៅវិញ គឺ រង្គោះរង្គើ បែកបាក់ មើលមុខគ្នាមិនចំ ប្រកាន់បក្ស​ពួកជាប់ជាប្រចាំ រកការឯកភាពគ្នាមិនបាន កាច់កុងគ្នាគ្មាន ទីបញ្ចប់ រហូតដករលាយ ហើយនៅតែអួតថាខ្លាំងទៀត “។

បើតាមលោក ឯកឧត្តម ឥសាន “ឥឡូវ ក្រោយបក្សសង្គ្រោះ ត្រូវបានរំលាយចោល ដោយសារ ទង្វើខុសច្បាប់ របស់ខ្លួន អតីតៈក្រុមមេដឹកនាំមួយចំនួន របស់អតីតៈបក្សនេះ បានរត់ទៅបង្កើត របស់ហៅថា ចលនាសង្គ្រោះជាតិ ដោយឃោសនាបំភាន់មតិសាធារណៈ ដោយថាការបង្កើត របស់ដែលហៅថា ចលនាសាង្គ្រោះជាតិ នេះអាចជៀសផុត ពីមានការទទួលខុសត្រូវ ចំពោះមុខច្បាប់ មិនដូចអតីតៈបក្សសាង្គ្រោះនោះទេ” ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងទៀតថា នេះជាការយល់ច្រឡំយ៉ាងធំ របស់ទណ្ឌិត សម រង្សី ដែលគ្មានការយល់ដឹង និងទស្សនវិស័យនយោបាយច្បាស់លាស់ ធ្វើអ្វីអត្តនោម័តខ្លួនឯងជារហូត មិនស្តាប់សហការីណាទាំងអស់ ។ ដូច្នេះ បន្ទាប់ពីការ បង្កើតរបស់ដែលហៅថា ចលនាសាង្គ្រោះជាតិ មក មន្ត្រីមួយចំនួនធំ ជាពិសេសអ្នកកឹម សុខានិយម បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង​ពីការបង្កើតចលនានេះ ។ ឥឡូវសម រង្សី បានបង្ហើរពាក្យថា ការបង្កើតចលនានេះ មិនចាំបាច់មានការឯកភាពពីក្រុមកឹម សុខាទេ ស្រេចនឹងចិត្តខ្លួន ។ នេះជាភ័ស្តុតាងបង្ហាញពីភាពអត្តនោម័តរបស់ សម រង្សី ។

ប៉ុន្តែទោះបីយ៉ាងណា ឯកឧត្តម សុខ ឥសាន ថាការបង្កើតចលនាស្អីក៏ដោយ មានការឯកភាព ឬ​មិនឯកភាពគ្នាក៏ដោយ រាល់ចលនាដែលបង្កើតឡើង ដោយជន និងក្រុមជនខុសច្បាប់ គឺសុទ្ធតែខុសច្បាប់ដូចគ្នាទាំងអស់ មិនអាចគេចរួចពី​សំណាញ់ច្បាប់បានជាដាច់ខាត ។ បើនៅតែង្គើន នាពេលខាងមុខ អាចនឹងប្រឈមនឹងច្បាប់ស្តីពីការ​ដាក់ឲ្យនៅក្រៅច្បាប់ ជាមិនខាន ដូចពួកឧទ្ទាមខ្មែរក្រហមក្រៅច្បាប់ ជាឧទាហរណ៏ស្រាប់ ។ នេះសរបញ្ជាក់ថា ជានយោបាយបាត់ម្ចាស់ការរបស់ទណ្ឌិត សម រង្សី និងបក្សពួកខុសច្បាប់៕