ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ការនិយាយរបស់អ្នកវិភាគទាំងនោះ មិនឯករាជ្យនោះទេ ហើយខំអួតខ្លួនថាឯករាជ្យ


ភ្នំពេញ៖ ឆ្លើយតបនឹងអ្នកវិភាគខ្លះ ចោទថាកម្ពុជាដឹកនាំ ប្រកបដោយបក្ខពួកនិយម តែងតាំងតែកូនចៅខ្លួនឯង ធ្វើជាមេដឹកនាំធំៗ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែមករានេះ បានលើកឡើងថា ការនិយាយរបស់អ្នកវិភាគទាំងនោះ មិនឯករាជ្យនោះទេ ហើយខំអួតខ្លួនថាឯករាជ្យ ។

ឯកឧត្តម សុខ ឥសាន បាទចោទសួរ និងបកស្រាយតាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមតេលេក្រាមថា គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា គ្មានគោលការណ៍យកកូនចៅ របស់មេដឹកនាំបក្សប្រឆាំង មកតែងតាំងឲ្យកាន់តំណែង សំខាន់ៗនិងធំៗទេ ។ រាល់ការតែងតាំង តំណែងទាំងទ្បាយ ត្រូវជ្រើសរើស យកពីក្នុងជួរកូនចៅ សមាជិករបស់គណបក្សប្រជាជនកម្ពុជា និងមន្ត្រី របស់រាជរដ្ឋាភិបាលកម្ពុជា ដោយខិតខំបណ្តុះបណ្តាលកូនចៅ​ ឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីជាទំពាំងស្នងប្ញស្សីដ៏ល្អ បន្តវេន ។

ទោះជាលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានតែងតាំងកូនចៅ ឲ្យកាន់តំណែងសំខាន់ៗក្នុងសេតវិមានហេតុម្ដេច បានគ្មានរណាសួរនាំ រឿងបក្ខពួកគ្រួសារនិយមផង ?

ឯកឧត្តម លើកឡើងបន្ថែមថា គេថាបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលដឹកនាំផ្តាច់ការ ?បើផ្តាច់ការដូចគេថាមែន មិនអាចដឹកនាំ បានរយៈពេលយូរឆ្នាំទេ ។ របបលន់ន់ល បានតែ ៥ ឆ្នាំ ទេ របបខ្មែរក្រហមបានតែ ជាង ៣ ឆ្នាំទេ  ដោយសារថាប្រជាធិបតេយ្យ តែការជាក់ស្តែង គឺផ្តាច់ការយោធានិយម។ របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ប្រជាធិបតេយ្យតែឈ្មោះ តែធាតុពិតមហាផ្តាច់ការ រហូតដល់ប្រល័យពូជសាសន៍ ថែមទៀតផង ។ចំណែករបបសព្វថ្ងៃ ដែលគេចោទថា ផ្តាច់ការនោះ គឺមានប្រជាធិបតេយ្យ​ ទូលំទូលាយ សម្រាប់ប្រជាជនទូទៅ ភាគច្រើនលើសលប់ ក្នុងសង្គមតែម៉ឺងម៉ាត់ដាច់ខាត ចំពោះមួយក្តាប់តូច ដែលល្មើសច្បាប់ រំលោភលទ្ធិប្រជាធិបតេយ្យ ចង់បំផ្លាញសន្តិភាព សន្តិសុខសាធារណសង្គម ចង់នាំមកនូវគ្រោះមហន្តរាយ ដូចពីអតីតកាល មកដាក់នៅកម្ពុជា មិនបានជាដាច់ខាត ត្រូវតែមានវិធានការណ៍ ទប់ស្កាត់បង្រ្កាប ។ បើផ្តាច់ការដូចគេថាមែន មិនមែនស្ថិតស្ថេរបានជិត ៤០ឆ្នាំនោះទេ ។

ឯកឧត្តម សុខ ឥសានបានលើកឡើងបន្តថា ក្រុមមន្ត្រីបក្សប្រឆាំង បានបង្កើតចលនាសង្គ្រោះជាតិ ចង់ឲ្យមានការដោះលែងកឹម សុខា ចង់ឲ្យបក្សប្រឆាំង បានចូលរួមបោះឆ្នោត ?រឿងកឹម សុខា តុលាការកំពុងដំណើររឿងក្តី តាមនីតិវិធី ស្របតាមបទល្មើសរបស់សាម៉ីជន ដែលបានលាតត្រដាងឯកសារ ភ័ស្តុតាងច្បាស់លាស់ ដោយខ្លួនឯង ធ្វើខ្លួនឯង និងនិយាយខ្លួនឯង មិនអាចរួចខ្លួនទេ ដាច់ខាត ។ចំពោះអតីតបក្សប្រឆាំង ត្រូវបានតុលាការកំពូល កាត់សេចក្តីរំលាយរួចហើយ មានសាលដីការស្ថាពររួចហើយ បិទផ្លូវតវ៉ា ចូលជាធរមានរួចហើយ ។ មានរឿងអីមានមុខ ក្នុងការបោះឆ្នោតទៀត អត់ទេ មិនអាចរស់ឡើងវិញទេ ទោះរកអន្តរាគមន៍ ពីណាមកក៏អត់បានការដែរ។ ការចង់បង្កើតចលនាស្អី នៅក្រៅប្រទេស អាចបានតែក៏មិនអាច មានអានុភាព និងឥទ្ធិពលអី មកក្នុងប្រទេសទេ ។ អ្នកបង្កើតជាជនល្មើសច្បាប់ របស់ដែលបង្កើតមកក៏ខុស់ច្បាប់ សកម្មភាពធ្វើក៏ខុសច្បាប់ ។ អញ្ចឹងជាពួកឧទ្ទាមនិយម ក្រៅច្បាប់ ។ បើធ្វើសកម្មភាពកាន់តែផ្គើនទៀត នឹងត្រូវចូលក្នុងក្របខណ្ឌ ដែលមានក្នុងកិច្ចព្រមព្រៀង បត្យាប័នជាមួយបរទេស នឹងត្រូវចាប់បញ្ជូនមក ក្នុងប្រទេសវិញជាមិនខាន ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងបញ្ជាក់ថា” ការបោះឆ្នោតព្រឹទ្ធសភា ការបោះឆ្នោតតំណាងរាស្ត្រ នៅតែនឹងប្រព្រឹត្តទៅ តាមកាលបរិច្ឆេទេស​ ដែលបានកំណត់រួចហើយ អត់កែប្រែ ។ ប្រជាជនមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតមានដល់ ជាង ៨ លាន ៣ សែននាក់ គឺជាការគ្រប់គ្រាន់សម្រាប់បោះឆ្នោត ហើយគ្មានអ្វីមកអាចរាំងស្ទះ បានជាដាច់ខាត ។ បរទេស មិនអាចជួយអតីតបក្សប្រឆាំង បានទេអាមេរិក កំពុងជួបវិបត្តិថវិកា រកបើកប្រាក់ខែមិនបាន នៅសហគមន៍អឺរ៉ុប កំពុងជួបវិបត្តិជនភៀសខ្លួន និងភេរវកម្មចូលដល់ ក្រោមឃ្លៀកហើយ តើមានពេលឯណា គិតរឿងសម រង្សី និង កឹម សុខា នោះ”៕