ឯកឧត្តម សុខ ឥសាន បានលើកឡើង ថា ក្ដីសង្ឃឹមរបស់ភរិយាលោក កឹម សុខា គឺជារឿងអស់សង្ឃឹម


ភ្នំពេញ៖ បើតាមកូនស្រីទី២របស់លោក កឹម សុខា គឺកញ្ញា កឹម សម្មាធិតា បាននិយាយថា ម្ដាយរបស់នាងមិនហ៊ានទៅឆ្ងាយទេ ​ព្រោះខ្លាចក្រែង មានការដោះលែងឪពុករបស់នាង ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានលើកឡើងទៅវិញថា ក្ដីសង្ឃឹមរបស់ភរិយាលោក កឹម សុខា គឺជារឿងអស់សង្ឃឹម ។

ឯកឧត្តម សុខ ឥសាន បានថ្លែងតាមរយៈតេឡេក្រាម នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ថា តាមសំណេរកូនស្រីទី២ របស់លោក កឹម សុខា និយាយថា ម្តាយនាងមិនហ៊ានទៅណាឆ្ងាយទេ ខ្លាចក្រែងមានការដោះលែងឪពុក ហើយម្តាយនាងមកមិនទាន់ ។

ឯកឧត្តម បន្តថា ពាក្យមួយឃ្លានេះ ភរិយាលោក កឹម សុខា មានក្តីសង្ឃឹមខ្លាំងថា ស្វាមី នឹងត្រូវបានដោះលែងនៅថ្ងៃណាមួយ ក្នុងពេលឆាប់ៗនេះមិនខាន ។ មិនដឹងថា លោកស្រីយល់ដោយខ្លួនឯង ឬក៏មានអ្នកច្បាប់ណាពន្យល់គាត់ ឲ្យមានក្តីសង្ឃឹមទាំងអស់សង្ឃឹមយ៉ាងដូច្នេះសោះ? ។ លោកថា អស់លោកអ្នកច្បាប់ មិនគួរលាក់បាំងរឿងពិត ដែលបានកើតឡើង ហើយកំពុងវិវត្តន៍ទៅមុខ មិនគួរនិយាយពង្វាងដាន ដល់លោកស្រីទេ កុំឲ្យមានការខកចិត្តតាមក្រោយ ។

ឯកឧត្តម សុខ ឥសាន បញ្ជាក់ថា “ដូច្នេះលោក កឹម សុខា ត្រូវជាប់ពិរុទ្ធធ្ងន់ធ្ងរ បង្កដោយអំពើប្រព្រឹត្តផ្ទាល់របស់លោក ដែលមិនអាចគេចផុត ពីការទទួលខុសត្រូវ បានជាដាច់ខាត ។ ហេតុនេះ ក្តីសង្ឃឹមរបស់លោកជំទាវកឹម សុខា គឺជារឿងអត់សង្ឃឹម” ។

ឯកឧត្តម បន្ថែមថា តាមការបង្ហាញឯកសារ និងភស្តុតាងផ្ទាល់ គឺលោក កឹម សុខា ត្រូវប្រឈមនឹងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាបទសន្និដ្ឋិភាពជាមួយបរទេស បង្កអំពើប្រទូសរ៉ាយ ដល់ប្រទេសជាតិ ដែលជាទោសក្បត់ជាតិ ត្រូវជាប់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ ៕