សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយសមភាគីរុស្ស៊ី ឯកឧត្តម ឌីមីទ្រី មេដវេដេវ នាយករដ្ឋមន្រ្តីរុស្ស៊ី


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសមភាគីរុស្ស៊ី ឯកឧត្តម ឌីមីទ្រី មេដវេដេវ បានដែងនូវការរីករាយនិងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី ដែលបាននិងកំពុងបោះជំហានទៅមុខគួរជាទីមោទនភាពបំផុត។ នៅក្នុងជំនួបពិភាក្សាទ្វេភាគីដែលធ្វើឡើងនៅនិវេសនដ្ឋាន របស់ឯកឧត្តមនាយករដ្ឋមន្រ្តីរុស្ស៊ី ដែលធ្វើឡើងក្នុងទីក្រុងម៉ូស្កូ សហព័ន្ធរុស្ស៊ី ឯកឧត្តម ឌីមីទ្រី មេដវេដេវ មានប្រសាសន៍ថ្លែងនូវអំ ណរគុណយ៉ាងជ្រាលជ្រៅបំផុត ដោយបានជួបធ្វើការពិភាក្សាសារជាថ្មីម្តងទៀត ជាមួយសម្តេចតេជោ នាយករដ្ឋមន្រ្តី បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមទៅកាន់ប្រទេសកម្ពុជា កាលពីខែវិច្ឆិកាឆ្នាំ២០១៥កន្លងទៅ។
ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចបានជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំរុស្ស៊ី ជាច្រើនលើកកាលពីពេលកន្លងមក ហើយថ្ងៃនេះប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាលទាំងពីរ បានជួបពិភាក្សា សាជាថ្មីម្តងទៀត ដែលទាក់ទិនទៅនិងការជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា ជាង៣៧ឆ្នាំហើយដែលរូបសម្តេចមិនបានអញ្ជើញមក បំពេញទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្សី។ សម្រាប់ដំណើរទស្សនកិច្ចនៅពេលនេះ សម្តេចបានធ្វើការកត់សំគាល់ថា សហព័ន្ធរុស្ស៊ី មានការអភិវឌ្ឍរីកចំរើនយ៉ាងឆាប់រហ័សបំផុត។ នៅក្នុងជំនួបពិភាក្សាចង្អៀត និងការទទួលទានអាហារការងារថ្ងៃត្រង់នោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋមន្រ្តីរុស្ស៊ី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ក្នុងការជំរុញពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ឲ្យកាន់តែមានទំហំធំ ទ្វេឡើងថែមទៀត បើទោះបីទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនៅមានតិចតួចនៅឡើយក៏ពិតមែន។ មេដឹកនាំនៃទាំងពីរក៏បានធ្វើការពិនិត្យពិភាក្សារាល់ទិដ្ឋភាពទាំងអស់ ដែលប្រទេសទាំងពីរមាន ពិសេសការសម្លឹងមើលទៅអនាគតសម្រាប់ប្រទេសទាំងពីរ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ចាត់ទុក ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីរុស្ស៊ី ទៅកាន់ប្រទេសកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ គឺជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តលើកទី១ ដែលមិនធ្លាប់មានមេដឹកនាំរុស្ស៊ី អញ្ជើញទៅបំពេញទស្សនកិច្ច ក្នុងប្រទេសកម្ពុជា និងជាដំណើរទស្សនកិច្ចមួយដែលធ្វើឡើងមុនការ ប្រារព្វខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។ ពាក់ព័ន្ធទៅនិងកិច្ចព្រមព្រៀងក្នុងការគាំពារអ្នកវិនិយោគ នៃប្រទេសទាំងពីរ ឯកឧត្តមនាយករដ្ឋមន្រ្តីរុស្ស៊ី ស្នើដល់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវពិនិត្យមើលលើទិដ្ឋភាពរួមទាំងអស់ ក្នុងនោះរួមទាំងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមាន ក្នុងចន្លោះពីឆ្នាំ១៩៥៦ រហូតមកដល់ឆ្នាំ ១៩៩១ ធ្វើយ៉ាងណាឲ្យឯកសារទាំងអស់នោះបានឆ្លើយតបទៅនឹងបច្ចុប្បន្នភាព សម្រាប់ប្រទេសទាំងពីរ។ ឯកឧត្តមនាយករដ្ឋមន្រ្តីរុស្ស៊ី ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការជំរុញទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ តាមរយៈការជំរុញឲ្យមានការផ្លាស់ប្តូរមុខទំនិញពីគ្នាទៅវិញទៅមក រួមទាំងការគិតគូរជំរុញអ្នកវិនិយោគ រុស្ស៊ីមកបណ្តាក់ទុននៅកម្ពុជាលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះរួមទាំងផ្លូវដែកផងដែរ។   ក្នុងជំនួបពិភាក្សាទ្វេភាគីនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ទៅកាន់សមភាគី នាយករដ្ឋមន្រ្តីរុស្ស៊ី ខិតខំជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរតាមរយៈ
ទី១-ត្រូវអនុវត្តនូវកិច្ចព្រមព្រៀង ដែលមានសម្រាប់ប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគសម្រាប់ប្រទេសទាំងពីររហូតដល់ឆ្នាំ២០២០
ទី២-ស្នើដល់ភាគីរុស្ស៊ីផ្តល់ដល់កម្ពុជា ក្នុងការនាំចេញពីកម្ពុជាដោយមិនចាំបាច់ក្នុងការបង់ព័ន្ធ និងគ្មានកូតា
ទី៣-ស្នើដល់ភាគីរុស្ស៊ីជួយទិញកសិផល និងផលិតផលកសិកម្មពីកម្ពុជា
និងទី៤-ស្នើបង្កើតឲ្យមាននូវក្រុមប្រឹក្សាធុរកិច្ចកម្ពុជា រុស្ស៊ី។
ឯកឧត្តមនាយករដ្ឋមន្រ្តីរុស្ស៊ី បានឯកភាពចំពោះសំណើររបស់ភាគីកម្ពុជា តាមរយៈកិច្ចពិភាក្សាគ្នានោះដែរ ឯកឧត្តមបានសន្យាថា និងជួយដល់គ្រូបង្វឹកដល់ក្រុមកីឡារបស់កម្ពុជាក្នុងការ ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្កេមនៅឆ្នាំ២០២៣ខាងមុខ។
ក្នុងជំនួបពិភាក្សាគ្នានោះដែរប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ បន្ទាប់ពីបានបញ្ចប់កិច្ចពិភាក្សាប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋមន្រ្តីរុស្សី បានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ៗចំនួន៨ ក្នុងនោះរួមមាន
ទី១- សន្ធិសញ្ញាស្តីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។
ទី២-អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្សី។
ទី៣-អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន រវាងក្រសួងប្រៃសណីនិងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជាជាមួយ និងក្រសួងទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយ នៃសហព័ន្ធរុស្ស៊ី។
ទី៤-អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការ រវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការអូឡាំពិករុស្ស៊ី។
ទី៥-សេចក្តីប្រកាសរួមស្តីពីបញ្ជីសំណើរគម្រោងសម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-រុស្ស៊ី លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគដល់ឆ្នាំ២០២០។
ទី៦-អនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចិរភាព នៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្មថាមពលបរមាណូ រដ្ឋ ROSATOM (សហព័ន្ធរុស្ស៊ី) ស្តីពីការបង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរ៊។
ទី៧-អនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចិរភាព នៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្មថាមពលបរមាណូ រដ្ឋ ROSATOM (សហព័ន្ធរុស្ស៊ី) ស្តីពីការបង្កើតក្រុមការងាររួមកម្ពុជា-រុស្ស៊ី លើកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូ ក្នុងគោលបំណងសន្តិភាព
និងទី៨-កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃនៃសហព័ន្ធរុស្ស៊ី។
 
សូមបញ្ជាក់ផងដែរថា ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តីរុស្ស៊ី ឌីម៉េទ្រីមេវេដេវ ទៅមកកាន់ប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នា ចុះហត្ថលេខាលើ ឯកសារ កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់គ្នាលើឯកសារសំខាន់ៗ ចំនួន១០ ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត៕

HUN SEN 18-5-2016 (3)

HUN SEN 18-5-2016 (2)

HUN SEN 18-5-2016 (5)

HUN SEN 18-5-2016 (7)

HUN SEN 18-5-2016 (6)

HUN SEN 18-5-2016 (8)