លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានអនុញ្ញាតឲ្យ ឯកឧត្តម ស៊ីណាយមៀងឡាវ៉ាញ ដឹកនាំគណៈប្រតិភូនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវចូលជួបសំដែងការគួរសម និងពិភាក្សាការងារ


ថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឲ្យ គណៈប្រតិភូនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយ ឯកឧត្តម ស៊ីណាយមៀងឡាវ៉ាញ អនុប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុករលួយឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ក៏បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរបំពេញទស្សនៈកិច្ច ឯកឧត្តម ស៊ីណាយមៀងឡាវ៉ាញ និងគណៈប្រតិភូមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ។

លោកជំទាវក៏បានធ្វើការរាយការណ៍ជូនគណៈប្រតិភូអំពីសកម្មភាព និងតួនាទីភារកិច្ចរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងបានរាយការណ៍អំពីស្ថានភាពនយោបាយនៅកម្ពុជាផងដែរ។ លោកជំទាវក៏បានស្នើឲ្យភាគីឡាវបន្តកិច្ចសហប្រតិបត្តិការវាងអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុករលួយនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវជាមួយអង្គភាពប្រឆាំងអំពើពុករលួយនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះអនុស្សារណៈជាមួយគ្នា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ក៏ដូចជាបន្តកិច្ចសហការបន្ថែមទៀតលើវិស័យអធិការកិច្ច ដើម្បីធ្វើឲ្យវិស័យអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជាអនុវត្តកាន់តែមានប្រសិទ្ធិភាព។
លោកជំទាវក៏បាន ជូនពរ ឯកឧត្តម និងសហការីមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងដំណើបំពេញទស្សនកិច្ចការងារនៅប្រទេសកម្ពុជា។