ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុង “កិច្ចប្រជុំពិគ្រោះយោបល់លើកទី២” ស្តីពីការអភិវឌ្ឍន៍ផែនការមេភស្តុភារកម្មនៅកម្ពុជា


នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុង “កិច្ចប្រជុំពិគ្រោះយោបល់លើកទី២” ស្តីពីការអភិវឌ្ឍផែនការមេភស្តុភារកម្មនៅកម្ពុជា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូក្រុមជំនាញការភ័ស្តុភារកម្មនៃធនាគារពិភពលោក អង្គការJICA តំណាងមកពីក្រសួងពាក់ព័ន្ធនិងដៃគូអភិវឌ្ឍ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន វិស័យឯកជន និងស្ថាប័នសិក្សាធិការផងដែរ។

វេទិកានេះធ្វើឡើងបន្តពីកិច្ចប្រជុំពិគ្រោះយោបល់លើកទី១ ដើម្បីប្រមូលធាតុចូលក្នុងការអភិវឌ្ឍន៍ផែនការមេភស្តុភារកម្មនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបជូនដល់អ្នកចូលរួមអំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍគម្រោងកំពុងបន្ត និងសមិទ្ធផលថ្មីៗដែលសម្រេចបានដោយក្រសួងសាធាណការ និងដឹកជញ្ជូន រួមមាន៖ ការក្រាលកៅស៊ូផ្លូវជាតិលេខ៤បន្ថែមដោយមានការគាំទ្រពីធនាគារពិភពលោក ការបញ្ចប់ដោយជោគជ័យនៃការចរចាកិច្ចព្រមព្រៀងសម្បទានផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែលនឹងត្រូវសាងសង់ឡើងតាមគោលការណ៍BoT (កសាង-ប្រតិបត្តិ-ផ្ទេរ) ការប្រគល់ជាផ្លូវការនូវបណ្តាញផ្លូវដែកជូន រាជរដ្ឋាភិបាលគ្រប់គ្រងបន្ទាប់ពីបានបញ្ចប់ការស្តារឡើងវិញ និងផែនការសាងសង់ចំណតកុងតឺន័រថ្មីជម្រៅ១៤.៥ម៉ែត្រនៅក្រុងព្រះសីហនុ និងកំពង់ផែបំពាក់ប្រព័ន្ធEDIគាំទ្រដោយJICA ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ផងដែរអំពីដំណើរការនៃការពង្រីកផ្លូវជាតិលេខប្រាំពីពីរគន្លងទៅបួនគន្លង ដែលជាផ្លូវអាស៊ានហាយវេលេខ១ក្រោមការគាំទ្រពីប្រទេសចិននិងជប៉ុន ដំណើរការស្តារផ្លូវដែកភាគខាងជើងពីភ្នំពេញទៅប៉ោយប៉ែតដែលនឹងត្រូវបញ្ចប់នៅឆ្នាំ២០២០ ការអភិឌ្ឍន៍ច្រកទ្វារអន្តរ ជាតិថ្មីនៅស្ទឹងបត់ក្រោមកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសថៃដែលនឹងត្រូវបញ្ចប់នៅឆ្នាំ២០២០ ដើម្បីកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងសារៈសំខាន់នៃការប្រើប្រាស់ផ្លូវទឹកដើម្បី កាត់បន្ថយការកកស្ទះចរាចរ និងចំណាយដឹកជញ្ជូន ការបញ្ចប់ការពង្រីកផ្លូវជាតិលេខ១ពីភ្នំពេញដល់អ្នកលឿង ក្រោមការគាំទ្រពីប្រទេសជប៉ុន និងការបញ្ចប់ការសិក្សាលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដោយអង្គការJICA ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានជម្រាបជូនអង្គប្រជុំអំពីបច្ចុប្បន្នភាពនៃការបង្កើតក្រុមប្រឹក្សាភាស្តុភារកម្មជាតិ(NLC) និងគណៈកម្មាធិការតម្រង់ទិសភស្តុភារកម្មជាតិ (NLSC)។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលចូលរួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ផែនការមេស្តីពីភ័ស្តុភារកម្មដែលមានលក្ខណៈទូលំទូលាយ។