ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ប្រទេសកម្ពុជា បានជំរុញឲ្យក្រុមនិស្សិតកម្ពុជា ដែលកំពុងសិក្សា នៅប្រទេសរុស្ស៊ីត្រូវពិចារណា រាល់ចំណុចវជ្ជមានដែល រាជរដ្ឋាភិបាលបាននឹង កំពុងនាពេលបច្ចុប្បន្ន។
នៅក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមនិស្សិត កម្ពុជាជិត៤០០នាក់ ដែលកំពុងសិក្សានៅ រុស្ស៊ី នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ពីសភាពការណ៍ នយោបាយ,សេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជា ហើយបានផ្តាំផ្ញើដល់និស្សិត ទាំងអស់ ត្រូវធ្វើការតាមដាន ពីសកម្មភាពរបស់រាជរដ្ឋាភិបាល និងពីសភាពការណ៍ ពិតរបស់ប្រទេសកម្ពុជា តាមរយៈប្រព័ន្ធបច្ចេកវិទ្យានៃសម័យ សកលភាវូបនីយកម្មដ៏ទំនើប។
ជាមួយគ្នានេះ ក៏បានជំរុញដល់និស្សិត ដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី ទាំងអស់ត្រូវចេះពិចារណា នូវរាល់ចំណុច វិជ្ជមានដែលរាជរដ្ឋាភិបាលបាន នឹងកំពុងដឹកនាំ ថែរក្សាសុខសន្តិភាព,ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ពិសេសការអភិវឌ្ឍប្រទេសជាតិ ដែលកំពុងមានការរីកចំរើន ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។
ក្រៅពីនេះ សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានវាយតំលៃខ្ពស់ និងកោតសរសើរដល់និស្សិត អាហារូបករណ៍កម្ពុជាទាំងអស់ ដែលបានខិតខំប្រឹងប្រែង អស់ពីសមត្ថភាពក្នុងការស្នាក់នៅ សិក្សារៀនសូត្រ ប្រកបដោយលទ្ធផលដ៏ ត្រចះត្រចង់ក្នុងរយៈពេលកន្លងមក ពិសេសការធ្វើទំនាក់ទំនងល្អ ក្នុងជួរនិស្សិត ដែលស្នាក់នៅសិក្សារៀនសូត្រ ជាមួយគ្នាក៏ដូចជាធ្វើទំនាក់ទំនងល្អ ជាមួយសាស្រ្តាចារ្យ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមទាំងជាមួយនិងបងប្អូន ប្រជាពលរដ្ឋរស្ស៊ីផ្ទាល់តែម្តង៕