ឯកឧត្តម សុខ ឥសាន បានបង្ហោះសារក្នុង ន័យចំអក ឲ្យលោក សម រង្ស៊ីថា កំពុងរស់នៅក្នុងភាពអណ្តែតអណ្តូងកណ្តាលមហាសាគរ


ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន តាមរយៈបណ្តាញ ទំនាក់ទំនង Telegram នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបង្ហោះសារក្នុង ន័យចំអក ឲ្យលោក សម រង្ស៊ីថា កំពុងរស់នៅក្នុងភាពអណ្តែតអណ្តូងកណ្តាល មហាសាគរ ហើយខ្វល់ខ្វាយ ដេកមិនលក់ បក់មិនល្ហើយរាល់ម៉ោង រាល់ពេល។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា “សម រង្សី កើតនៅឆ្នាំ១៩៤៩ មកដល់ពេលនេះ មាន អាយុជិត ៧០ ឆ្នាំហើយ។ អាស្រ័យដោយទទួលបរាជ័យផ្ទួនៗ ក្នុងឆាកនយោបាយ ហើយ កំពុងនីរទេសខ្លួន អណ្តែតអណ្តូងកណ្តាល មហាសាគរឯនាយសមុទ្រ ធ្វើឲ្យសម រង្សី ខ្វល់ ខ្វាយ ដេកមិនលក់បក់មិនល្ហើយ រាល់ម៉ោង រាល់ពេល មើលទៅអាយុមិនវែងទេ ប្រហែល ជាជិតស្លាប់ហើយ” ។

បើតាមឯកឧត្តម សុខ ឥសាន “រូបភាពសើចស្ញេញ ទាំងអម្បាលមាណ គ្រាន់តែជារូបភាព សិប្បនិម្មិតតែប៉ុណ្ណោះ តែក្នុងចិត្តសម រង្សីក្តៅដូចភ្លើង គង់ថ្ងៃណាមួយនឹងផ្ទុះភឹង តែម្តងជា មិនខាន ។ សម រង្សីអាយុមិនវែងប៉ុន្មានទៀតទេ “។

អ្នកនាំពាក្យគណបក្សកាន់អំណាច បានចំអកឲ្យទៀតថា “ហេតុនេះ សម រង្សីកំពុងត្រដរខ្យល់ នៅក្រៅប្រទេស គ្រាន់តែបំភាន់ភ្នែកមហាជន និងសាធារណមតិ ហើយខំធ្វើហឺហារ តាមការបង្គាប់បញ្ជារបស់ចៅហ្វាយនាយបរទេស តែប៉ុណ្ណោះ តែឲ្យមានសង្ឃឹមគឺអត់សង្ឃឹម ទាល់តែសោះ” ៕