ឯកឧត្តម ថោង ខុន គាំទ្រសមាគម CATA ដែលផ្សព្វផ្សាយពីតំបន់ទេសចរណ៍ដល់មិត្តចិន សំដៅជំរុញចលនាទេសចរទៅមកកម្ពុជា-ចិន


ក្នុងពិធីផ្សព្វផ្សាយទេសចរចិន «Beautiful China Ice Nad Snow Tour» នារាត្រីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ តំបន់ទេសចរណ៍ពិសេសៗដែលមានក្នុងប្រទេសចិន ត្រូវបានផ្សព្វផ្សាយយ៉ាងអឹកអធឹកនៅកម្ពុជា ខណៈកម្ពុជាក៏បានបង្ហាញពីតំបន់ទេសចរណ៍របស់ខ្លួនប្រាប់ទៅភាគីចិនវិញដែរ ដែលកិច្ចសហប្រតិបត្តិការនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ពិធីផ្សព្វផ្សាយទេសចរចិនខាងលើនេះ ត្រូវបានរៀបចំដោយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សហការជាមួយរដ្ឋបាលទេសចរណ៍ជាតិចិន (CNTA) នាសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រា ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ពិសេសៗក្នុងខេត្តចំនួន៧ នៃសាធារណរដ្ឋប្រជានិតចិន។

លោក ស សារិន អគ្គលេខាធិការសមាគម CATA បានបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយភាគីចិន ក្នុងការពួតដៃគ្នាជំរុញចលនាទេសចរពីកម្ពុជាទៅចិន និងពីចិនមកកម្ពុជា ហើយក្នុងពេលនេះភាគីទាំងពីរកម្ពុជា-ចិន បាននិងកំពុងចាក់បញ្ចាំងផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានា បង្ហាញជូនគ្នាទៅវិញទៅមកផងដែរ។

បន្ទាប់ពីចំណាប់អារម្មណ៍ និងបទបង្ហាញត្រួសៗពីតំបន់ទេសចរណ៍របស់ភាគីចិនរួចមក ឯកឧត្តម ថោង ខុន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយនេះ ព្រោះការងារនេះនឹងជំរុញឲ្យមានទេសចរចិនមកទស្សនាកម្ពុជាកាន់តែច្រើន ព្រមទាំងជំរុញចលនាទេសចរកម្ពុជាទៅទស្សនាប្រទេសចិនវិញដែរ ខណៈទេសចរចិនដែលមកទស្សនាកម្ពុជាកំពុងមានកើនឡើង។

ឯកឧត្តមបន្តថា ក្នុងយុទ្ធសាស្រ្តទាក់ទាញ និងត្រៀមទទួលទេសចរអន្តរជាតិ ក៏ដូចជាទេសចរចិន កម្ពុជាបាននិងកំពុងបន្តពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍគោលដៅទេសចរណ៍ដែលមានស្រាប់ រួមជាមួយនឹងការកៀរគរឲ្យមានការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តភាពដូចជា ទីក្រុងទេសចរណ៍ស្អាត និងបៃតងថ្មីទំនើប មជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទអន្តរជាតិទំនើបៗ មជ្ឈមណ្ឌលវិស្សមកាល និងកីឡាទេសចរណ៍នៅតំបន់ឆ្នេរ កោះ រមណីយដ្ឋាន តំបន់ទេសចរណ៍ផ្ទះទី២ និងទេសចរវ័យចំណាស់ សួនកម្សាន្តរបស់កុមារនៅតំបន់ទេសចរណ៍ ការបង្កើតឲ្យមាន China Town សណ្ឋាគារប្រណិតៗលំដាប់ផ្កាយ៤ ផ្កាយ៥ ភោជនីយដ្ឋានលំដាប់ខ្ពស់ ហាងលក់ទំនិញទំនើបៗជាដើម។

ឯកឧត្តមបានរំឭកថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ឲ្យកាន់តែស៊ីជម្រៅក្នុងក្របខណ្ឌខ្សែក្រវាត់ និងវិថី ក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលទេសចរណ៍ជាតិចិន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ហើយផែនការអនុវត្តអនុស្សារណៈនេះក៏បានចុះហត្ថលេខារួចហើយដែរ ដោយផ្តោតលើចំណុចសំខាន់ៗរួមមាន៖ ការជួយអភិវឌ្ឍតំបន់ទីក្រុងទេសចរណ៍សៀមរាបអង្គរ និងតំបន់ជុំវិញប្រកបដោយនិរន្តរភាព ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ ការបង្កើតឲ្យមានវេទិកាកិច្ចប្រជុំកំពូលទេសចរណ៍ចិន-កម្ពុជា និងកិច្ចសហការលើការផ្សព្វផ្សាយ និងវិនិយោគទេសចរណ៍។

សូមជម្រាបថា នៅឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥.៦លាននាក់ កើនឡើង ១២% ក្នុងនោះទេសចរចិនមានជាង ១.២លាននាក់ កើនឡើង ៤៥.៩% ឈរលំដាប់ទី១ ហើយរំពឹងថានៅឆ្នាំ២០២០ កម្ពុជានឹងទទួលបានទេសចរចិន ២លាននាក់ ក្នុងចំណោមទេសចរអន្តរជាតិសរុប ៧លាននាក់។