សម្តេចភក្ដី សាយ ឈុំ អនុញ្ញាតជូន ឯកឧត្តម Vu Quang Minh ( វូ កង មិញ )ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមចូលជួបសម្ដែងការគួរសម


ព្រឹកថ្ងៃអង្គារ ០៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោង០៩:៣០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនឯកឧត្តម Vu Quang Minh ( វូ កង មិញ ) ឯកអគ្គរដ្ឋទូត វៀតណាម ចូលជួបសវនាការសម្ដែងការគួរសម ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា។
សម្តេចភក្តី ថ្លែងជឿជាក់ថា ឯកឧត្តម ឯកអគ្គរដ្ឋទូត នឹងរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស និងប្រជាជនយើងទាំង២ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
ព្រឹទ្ធសភា ក្រសួង ស្ថាប័ននានា និងរូបសម្តេចផ្ទាល់ បានត្រៀមរួមសហការជិតស្និទ្ធជាមួយ ឯកឧត្តម និងស្ថានទូតវៀតណាម ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសយើងទាំង២ ក៏ដូចជាស្ថាប័ននីតិប្បញ្ញតិ្តយើងទាំង២ផងដែរ។
សម្តេច ប្រធានព្រឹទ្ធសភា ប្រសិទ្ធពរជូន ឯកឧត្តម ឯកអគ្គរដ្ឋទូត និងសហការី មានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងបេសកម្មការទូតដ៏ឧត្តុងឧត្តមរបស់ឯកឧត្តម។
នាឱកាសនោះដែរ សម្តេច ប្រធានព្រឹទ្ធសភា ក៏បានអញ្ជើញជា អធិបតី ទទួលអំណោយ កុំព្យូទ័រ, ម៉ាសុីនព្រីនធ័រ, និងម៉ាសុីនហ្វូតូកូពី ដែលជាជំនួយ ដ៏ថ្លៃថ្លារបស់រដ្ឋសភា នៃសាធារណដ្ឋសង្គមនិយមវៀតណាម ជូនដល់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា ផងដែរ៕