ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា “ការវាយតម្លៃថាសភាពការណ៏នៅកម្ពុជាបែបអវិជ្ជមាននេះ មិនត្រឹមត្រូវតាមការពិតជាក់ស្តែងទេ


ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សកម្ពុជា ឯកឧត្តម សុខ ឥសាន តាមរយៈបណ្តាញទំនាក់ទំនង Telegram នៅព្រេកថ្ងៃទី៧ កុម្ភៈនេះ បានលើកឡើងថា មានការវាយតម្លៃសភាពការណ៍ នយោបាយនៅកម្ពុជាខ្លះគឺបែបអវិជ្ជមាន មិនត្រឹមត្រូវ តាមការពិតជាក់ស្តែង និងលំអៀង នយោបាយ។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា “ការវាយតម្លៃថាសភាពការណ៏នៅកម្ពុជាបែបអវិជ្ជមាននេះ មិនត្រឹមត្រូវតាមការពិតជាក់ស្តែងទេ ហើយអាចនិយាយថាផ្អែកលើ និន្នាកានយោបាយ លំអៀងនយោបាយ ។ បើជាជនបរទេសវិញ គឺជាការជ្រៀតជ្រែកចូលកិច្ចការ ផ្ទៃក្នុងរបស់ កម្ពុជា ដែលផ្ទុយពីធម្មនុញ្ញ អសប ធម្មនុញ្ញអាស៊ាន និងស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ១៩៩១ យ៉ាងជាក់ស្តែង “។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់បន្ថែមទៀតថា “នៅពេលក្រោយការចាប់ខ្លួន កឹម សុខា និងការរំលាយអតីតៈបក្សប្រឆាំង ដោយតុលាការកំពូល កាលពីខែវិច្ឆិកា២០១៧មក មានការវាយតម្លៃសភាពការណ៏នយោបាយនៅកម្ពុជា ថាឡើងកម្តៅ លទ្ធិប្រជាធិបតេយ្យ រួមតូច សិទ្ធិបញ្ចេញមតិកាន់តែត្រូវរឹតត្បិត ។ល។ ជាពិសេស សមាជិកសភាបរទេសម្នាក់ បាននិយាយថាកម្ពុជាបានដើរខុស ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី ២៣ ខែ តុលា ឆ្នាំ១៩៩១ ។ ការវាយងម្លៃ សន្និដ្ឋានខាងលើ មិនបានផ្សារភ្ជាប់នឹងសភាព ការណ៏ពិតជាក់ស្តែង នៅកម្ពុជាទាល់តែសោះ” ។

អ្នកនាំពាក្យបក្សកាន់អំណាច បានបញ្ជាក់បន្ថែមទៀតថា “សភាពការណ៏នយោបាយនៅកម្ពុជា មានលក្ខណៈល្អប្រសើរមានប្រក្រតីភាព កិច្ចការរដ្ឋ និងជីវភាពរស់នៅរបស់ប្រជាជន ទូទៅនៅ តែដំណើរការជាប្រក្រតី និងរីកចម្រើនជាធម្មតា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែត្រូវ បានពង្រឹង ស្របតាមស្មារតីនៃកិច្ចព្រមព្រៀង ទីក្រុងទីក្រុងប៉ារីសស្តីពីកម្ពុជា ។ ការមានវិធានការណ៏ផ្លូវច្បាប់ ចំពោះអតីតៈមេបក្សប្រឆាំង និងការរំលាយអតីតៈបក្សប្រឆាំង ព្រមទាំងការផ្អាកសកម្មភាពនយោបាយ របស់ក្រុមមេដឹកនាំបក្សប្រឆាំង១១៨រូប រយៈពេល ៥ឆ្នាំនោះ គឺបណ្តាលមកពីអំពើល្មើសច្បាប់របស់សាម៉ីជន និងសាម៉ីគណបក្ស តែប៉ុណ្ណោះ ហើយករណីនេះគឺជាការពង្រឹងនីតិរដ្ឋនៅកម្ពុជា ជនណាល្មើសច្បាប់ ជននោះត្រូវទទួលខុសត្រូវដោយខ្លួនឯង “។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់បន្ថែមទៀតថា “ការដើររតាមគន្លងលទ្ធិប្រជាធិបតេយ្យ និង ពង្រឹងនីតិរដ្ឋ គឺជាសំណូមពរចង់បានរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដូច្នេះកម្ពុជាធ្វើត្រូវ តាមកិច្ចព្រមព្រៀងនេះ ។

ចំពោះសិទ្ធិបញ្ចេញមតិ និងសកម្មភាពរបស់អង្គការសង្គមស៊ីវិល នៅតែត្រូវបើកទូលាយ ស្របតាមមាត្រា៣១ និងមាត្រា៤១ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីសមាគមនិងអង្គការ មិនមែនរដ្ឋាភិបាល ជាធរមាន ហើយត្រូវបានអង្គការ សមាគមជាច្រើនលើសលុប ដែលបានចុះបញ្ជី និងគោរពច្បាប់ស្វាគមន៏និងអបអរសាទរ “៕